សង្ស័យលោកចៅសង្កាត់ចោមចៅទី១ ដើរបិតភ្នែកហើយមើលទៅ បានជាសម្រាមគរដូចភ្នំ នៅក្បែរសង្កាត់ហើយ នៅមើលមិនឃើញទៀត...
-

ភ្នំពេញ ៖​ ប្រជាពលរដ្ឋបានសម្ដែងការរិះគន់ឥតសំចៃមាត់ទៅលើលោកកង វង ចៅសង្កាត់ចោមចៅ១ថា អសមត្ថភាពក្នុងការដឹកនាំការងារបរិស្ថាននៅក្នុងមូលដ្ឋានសង្កាត់របស់ខ្លួន​ អង្គុយក្នុងការិយាល័យចាំតែ ស៊ីញ៉េប្រមូលយកលុយពីសេវាកម្មផ្សេងៗតែប៉ុណ្ណោះ។​ ព្រោះសូម្បីតែគំនរសម្រាមមួយស្ថិតនៅចម្ងាយប្រមាណ២០ម៉ែត្រពីសាលាសង្កាត់របស់ខ្លួនក៏លោកចៅសង្កាត់រូបនេះមើលរំលងធ្វើជាមិនឃើញដែរ គឺទុកឲ្យគរដូចកូនភ្នំនិងស្អុយរលួយជះក្លិនអសោចិ៍រាល់ថ្ងៃ។​ សូម្បីទឹកមុខលោកចៅសង្កាត់ចោមចៅ១ យ៉ាងណាប្រជាពលរដ្ឋភាគច្រើនមិនដែលបានឃើញនោះទេ។

ប្រជាពលរដ្ឋបានបន្តទៀតថា គំនរសម្រាមនេះស្ថិតនៅពីក្រោមស្លាកគណបក្សប្រជាជនកម្ពុជាតែម្ដង ដែលមានទីតាំងស្ថិតនៅតាមដងផ្លូវបេតុងភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។​ ពួកគាត់មិនបានដឹងថាលោក​ កង វង ដែលជាចៅសង្កាត់ចោមចៅ១រូបនេះឃើញគំនរសម្រាមដែរតែធ្វើមិនឃើញឬបែបណានោះឡើយ ។​ ប៉ុន្តែលោកហាក់ដូចជាគ្មានចំណាត់ការទាល់តែសោះចំពោះសម្រាម គឺទុកឲ្យគរនៅទីនោះលម្អរស្លាកគណបក្សប្រជាជនកម្ពុជា និងជះក្លិនស្អុយពាសវាលពាសកាលរាល់ថ្ងៃដល់អ្នកភូមិតែម្ដង។
ប្រភពដដែលបានន្តថា ពួកគាត់គិតថាការងារបរិស្ថានជាកត្តាសំខាន់ខ្លាំងណាស់សម្រាប់សុខភាពមនុស្សទូទៅ ដែលថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់តែងបានគិតគូរយ៉ាងខ្លាំងពីការប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋផងដែរមិនបានបន្ធូរដៃ មិនខ្វល់ដូចជាលោកចៅសង្កាត់រូបនេះនោះទេ។​ ប៉ុន្តែពួកគាត់គិតថាការមើលរំលងលើការងារបរិស្ថានរបស់លោកចៅសង្កាត់រូបនេះប្រហែលមកពីលោកគ្មានជំនាញក្នុងការដឹកនាំឲ្យបានសព្វជ្រុងជ្រោយ ហើយជំនាញខ្លាំងបំផុតគឺខាងស៊ីញ៉េតែមួយមុខប៉ុណ្ណោះ។​ ទោះជាយ៉ាងណាគេបានដឹងគ្រប់ៗគ្នាថាលោកចៅសង្កាត់រូបនេះអតីតបក្សសង្គ្រោះជាតិ ហើយក្រោយបក្សរលាយបានចុះចូលជាមួយគណបក្សប្រជាជនកម្ពុជា ហើយឃើញសម្រាមនៅក្រោមស្លាកគណបក្សបែរជាធ្វើព្រងើយកន្តើយបែបនេះទៅវិញ។
ពលរដ្ឋបានលើកឡើងថា ខណ្ឌពោធិសែនជ័យ ទទួលបានជ័យលាភីបរិស្ថានល្អ ទីក្រុងស្អាត (ជ័យលាភីផ្ការំដួលមួយទង) ហើយជ័យលាភីនេះមិនមែនបានមកដោយសារតែលោកអភិបាលខណ្ឌឬមន្រ្តីសាលាខណ្ឌជាអ្នកខំប្រឹងតែឯងនោះទេ។ ទាល់តែមានការចូលរួមទាំងអស់គ្នាក្នុងនោះពិសេសបំផុតបណ្ដាចៅសង្កាត់គ្រប់សង្កាត់ទាំងអស់តែម្ដង ហើយបើសង្កាត់ខ្លះខំប្រឹងរកពេលសម្រាកគ្មាន ហើយសង្កាត់ខ្លះទៀតនិយាយឲ្យចំគឺសង្កាត់ចោមចៅ១នេះធ្វើព្រងើយបែបនេះ ប្រាកដជានៅថ្ងៃណាមួយជ័យលាភីខាងលើនោះក្លាយជារំដួលចាកទងវិញមិនខានឡើយ៕