សត្វក្រពើមួយក្បាល ដែលអ្នកនេសាទ ដាក់មងបានត្រូវបានអាជ្ញាធរ យកទៅព្រលែង នៅស្ទឹងដដែលវិញ ដោយប្រគល់ទឹកបា្រក់ចំនួន៦០០ដុល្លារ លើកទឹកចិត្តដល់ម្ចាស់ម៉ង
-

ពោធិ៍សាត់ៈ ក្រុមការងារចម្រុះរួមមាន មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តពោធិ៍សាត់ ចូលរួមសហការពីរដ្ឋបាលជលផល ខណ្ឌរដ្ឋបាលជលផលពោធិ៍សាត់ មេបញ្ចាការវរៈ សេនាតូចនគរបាល ការពារព្រំដែនគោក លេខ៨២៥ មន្ទីរបរិស្ថាន ផ្នែករដ្ឋបាល ជលផល រាំងទិល មេឃុំថ្មដា អង្គការវាយអេត ដឹកនាំដោយលោកអភិបាលស្រុកវាលវែង នៅថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៨ បានប្រជុំពិភាក្សាសំរេច យកទៅលែងកន្លែង ដែលចាប់បានវិញ ដោយមានការសំនូមពរពីប្រជពលរដ្ឋ និងអាជ្ញាធរឃុំ។

បន្ទាប់មកក្រុមការងារបានដឹកក្រពើ ដែលមានបណ្តោយ ២.៩៣ម ទម្ងន់១៧០គ.ក្រ ទៅ​លែងចូលក្នុងស្ទឹងឆាយតាម៉េត ឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់វិញ និងបានផ្តល់ថវិកាលើកទឹកចិត្ត ដល់អ្នកចាប់បានចំនួន៦០០ដុល្លារ ក្នុងនោះខណ្ឌរដ្ឋបាល ជលផលពោធិ៍សាត់ ២០ម៉ឺនរៀល លោកអភិបាលស្រុកវាលវែង ១០ម៉ឺនរៀល មេបញ្ចាការវរៈ សេនាតូច នគរបាលការពារព្រំដែនគោកលេខ៨២៥ ចំនួន10ម៉ឺនរៀល និងក្រុមហ៊ុនចិនចំនួន ៥០០ដុល្លារ។

គួរបញ្ជាក់ថា កាលពីព្រលឹម​ថ្ងៃទី២៥​ ខែកញ្ញា​ ឆ្នាំ​២០១៨​ ប្រជានេសាទម្នាក់ បានដាក់មង នៅក្នុងស្ទឹងមេទឹក​ ដែនជម្រកសត្វព្រៃភ្នំសំកុស​ ក្នុងភូមិកណ្តាល ឃុំថ្មដា​ ស្រុកវាលវែង​ ខេត្តពោធិ៍សាត់​ បានជាប់សត្វក្រពើមួយក្បាល ៕