បើដល់ថ្នាក់ហ្នឹងហើយ ពលរដ្ឋមិនរអ៊ូទៀតនោះចប់បណ្ដោយ!! អាជ្ញាធរខណ្ឌពោធិ៍សែនជ័យមិនខ្វល់រឿងឈ្មួញជីក ដឹកគគ្រឹកគគ្រេង ហុយព្រៀត គ្មានកោតក្រែងប្រជាពលរដ្ឋក្នុងមូលដ្ឋាន
-

ភ្នំពេញ ៖ ប្រជាពលរដ្ឋដែលរស់នៅក្នុងភូមិក្ងោក សង្កាត់បឹងធំ ខណ្ឌពោធិ៍សែនជ័យ បានលើកឡើងថា អាជ្ញាធរមូលដ្ឋានដែលមានលោក ហែម ដារិទ្ធ ជាអភិបាលខណ្ឌ កំពុងតែធ្វើប្រងើយឲ្យ ឈ្មួញកាប់ ជីកដី ដឹកបើកកាត់ក្នុងភូមិដោយសេរី បង្កផលប៉ះពាល់ ហុយដី ដែលរថយន្តបើកល្បឿនលឿន កាត់ក្នុងភូមិ និងបង្កឲ្យភ័យខ្លាចដល់ពួកគាត់ ។


តាមប្រជាពលរដ្ឋបានលើកឡើងថា ដីបឹងធំទំហំ៥៣ហិកតា ត្រូវបានគេកប់ ជីក យកអាចម៌ដី ដឹកចេញ យ៉ាងគគ្រឹកគគ្រេង រថយន្តធន់ធំៗ ដឹក រត់កាត់តាមផ្លូវមាត់បរឡាយ កាត់ភូមិព្រៃរមាស សង្កាត់បឹងធំ តាំងពីព្រលឹមទល់យប់ ជារៀងរាល់ថ្ងៃ អស់រយៈពេលជាង១ខែមកហើយ ។


ពលរដ្ឋរអ៊ូរទាំថា ក្រុមរថយន្តដឹកដីចេញពីបឹងធំ បើកលឿនៗ ហួសហេតុ ពេលមេឃរាំង បង្កឲ្យហុយ ដីទ្រលោម ក្នុង១សប្តាហ៍ស្រោចទឹកម្តងឬពីរដង កាលបើពលរដ្ឋធុញទ្រាន់ និងការបើក របស់រថយន្តដឹកដីទាំងនោះ រហូតដល់ បោះបោរ យកគល់ឈើ ឬកង់ឡាន មកដាក់ឃាំងផ្លូវ ទើបស្រោចទឹក កាលបើ មិនធ្វើដូច្នោះ គឺមិនស្រោចឡើយ ។


ជុំវិញផលប៉ះពាល់ ដោយសារ ក្រុមរថយន្តដឹកដី រណ្តៅដី ក្នុងមូលដ្ឋាន ភូមិក្ងោក ភូមិព្រៃរមាស សង្កាត់បឹងធំ អ្នកសារព័ត៌មានយើងបានថតជាក់ស្តែង ចំពេលដែលមេឃមិនភ្លៀង ផ្លូវដែលឡានដឹកដីបើកឆ្លងកាត់នោះ ពិតជាហុយទ្រលោមតែម្ដង ។


រណ្តៅដី ជីក ក្នុងផ្ទៃដីបឹងធំ ទំហំ៥៣ហិកតា មិនដឹងថា មានច្បាប់ឬអត់ច្បាប់នោះទេ ជីករយៈពេលជាង១ខែមកហើយ តែបើតាមប្រជាពលរដ្ឋលើកឡើងថា បើគ្មានអាជ្ញាធរបើកដៃទេនោះ គ្មានជនណាម្នាក់ រមាស់ដៃ យកគ្រឿងចក្រ ទៅជីក កាប់ដីបឹងធំនោះទេ ។


ភ្ងាក់ងារសារព័ត៌មានKhmerNewsយើងខ្ញុំនិងរង់ចាំការបកស្រាយពីបញ្ហាខាងលើនេះជានិច្ច ៕




ដោយ៖ ភារ៉ា