រ៉ូហ្សេត​ ប្រាប់ថាតែងត្រូវបានគេវាយតម្លៃក្នុងកម្រិតទាបជានិច្ច
ណារ៉ា
-

អតីតចៅសង្កាត់អូរចារកញ្ញា រ៉ូហ្សេត រៀបរាប់រឿងរ៉ាវគេវាយតម្លៃក្នុងបណ្ដាញសង្គមគួរអោយអាណិត ។កញ្ញារៀបរាប់ថា៖ «មនុស្សមើលមនុស្សតែលើសំបក..!

ការវាយតម្លៃមនុស្សភាគច្រើនគឺ គេមើលតែទៅលើអ្វីដែលមាននៅខាងក្រៅដូចជា ទ្រព្យសម្បត្តិ កម្រិតវប្បធម៌ ឬពូជពង្សវង្សត្រកូល តែបើផ្ទុយពីនេះ គឺ គេចាត់ទុកថា មានកម្រិតទាបហើយ។

ដូចជាខ្ញុំ ព្រោះតែកើតមកគ្មានទ្រពសម្បត្តិអ្វី រៀនក៏មិនសូវបានខ្ពស់ កើតក្នុងត្រកូលអ្នកក្រ គេតែងតែវាយតម្លៃក្នុងកម្រិតទាបជានិច្ច ប៉ុន្តែមានរឿងអ្វីគេតែងតែមកសុំឲ្យខ្ញុំជួយ។ ខ្ញុំក៏មិនយល់ថា មូលហេតុអ្វីដែរ បើគេយល់ថា យើងមានកម្រិតទាបទៅហើយ រឿងអីមកសុំឲ្យយើងជួយទៅវិញ។

ដូចជា ពេលខ្ញុំគ្មានប្រាក់ ខ្ញុំទៅខ្ចីលុយគេ គេមិនហ៊ានឲ្យផង គេសុខចិត្តឲ្យចាយវិញ គេគិតថា ប្រហែលខ្ញុំគ្មានលុយសង ផ្ទុយទៅវិញ នៅពេលគេអត់ប្រាក់ គេមកខ្ចីពីខ្ញុំ ខ្ញុំសុខចិត្តបេះពីនេះបន្តិច ពីនោះបន្តិចរកឲ្យគេ ព្រោះខ្ញុំមិនដែលមើលងាយគេថា គេគ្មានលុយសងខ្ញុំវិញឡើយ ផ្ទុយទៅវិញ ពួកគេទេដែលមិនដែលអើតមុខមកសងលុយខ្ញុំសោះ។

លើសពីនេះទៀត ដូចជាការសរសេរអត្ថបទ គេថា មិនមែនខ្ញុំជាអ្នកសរសេរ គេគិតថា ខ្ញុំរៀនមិនបានខ្ពស់ មិនអាចមានសមត្ថភាពសរសេរដូច្នេះបាន ប៉ុន្តែសូម្បីការពិតគឺជាអត្ថបទដែលជាគំនិតខ្ញុំទាំងអស់។

អ៊ីចឹងទើបខ្ញុំនិយាយថា ពួកគេមើលមនុស្សតែនឹងសំបក តែមិនបានសង្កេតមនុស្សឲ្យស៊ីជម្រៅ។ មនុស្សគេមិនអាចមើលតែត្រឹមហ្នឹងបានឡើយ ទោះជាមួយភ្លែតគេមើលឃើញអ៊ីចឹងក៏ដោយ តែដើម្បីមើលកុំឲ្យខុស គឺ ត្រូវមើលលើសពីហ្នឹង៕»