មួយឆ្នាំមានម្ដង!!! គណៈកម្មការវត្តសម្រេចចិត្ត ចងមុងឲ្យព្រះសង្ឃឆាន់ចង្ហាន់ ព្រោះតែកំពុងរងការវាយលុក ដោយសត្វរុយ ដែលហើរចេញពីគំនរសំរាម នៅក្បែរវត្ដ
-

កំពង់ស្ពឺៈ វត្តមួយកន្លែងឈ្មោះថា វត្តសុវណ្ណគិរី ហៅវត្ត ភ្នំកំប៉ូត ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៤៤ ក្នុងភូមិតាម៉ុល សង្កាត់ច្បារមន ក្រុងច្បារមន ខេត្តកំពង់ស្ពឺ។ កំពុងរងការវាយលុក ដោយសត្វរុយ ដែលហើរចេញពីគំនរសំរាម នៅក្បែរនោះប្រមាណប្រហែល១០០ម៉ែត្រ ធ្វើអោយព្រះសង្ឃត្រូវបង្ខំចិត្ត ចងមុងឆាន់ចង្ហាន់ ដែលពុទ្ធបរិស័ទយកមកប្រគេន នៅក្នុងរដូវបុណ្យភ្ជំកាន់បិណ្ឌនេះ។

បើតាមប្រជាពុទ្ឋបរិស័ទដែលនាំយកចង្ហាន់ទៅវេរប្រគេនដល់ព្រះសង្ឃគង់ចាំព្រះវស្សានៅវត្តនេះ បានឲ្យដឹងថា” ខែរដូវនេះជារដូវបុណ្យភ្ជុំដូច្នេះហើយទើបមិនថា អ្នកនៅជិតឬក៏ឆ្ងាយនោះទេតែងតែនាំកូនចៅមានទាំងចង្ហាន់មកកាន់វត្តដើម្បីឧទ្ទិសកុសលដល់ញាតិការទាំង៧សន្តានទៅកាន់លោកខាងមុខ” ។ តែអ្វីដែលជាការរំខាននោះគឺសត្វរុយដែលហើរចេញពីគំនរសំរាមនៅក្បែរវត្តមកទំលើចានចង្ហាន់យ៉ាងច្រើនស្អេកស្កះមើលទៅគួរឲ្យព្រឺក្បាលខ្លាំងណាស់ ។

ដូច្នេះហើយទើបគណៈកម្មការវត្តព្រមទាំងពុទ្ឋបរិស័ចំណុះជើងវត្តសម្រេចគ្នាថាមានតែចងមុងទេទើបព្រះសង្ឃអាចឆាន់ចង្ហាន់បានដោយគ្មានការរំខានពីសត្វរុយ ។ ម្យ៉ាងការធ្វើដូច្នេះដោយសារតែគិតគូរពីព្រះសុខភាពព្រះសង្ឃ ម្យ៉ាងខែនេះ នៅមានភ្លៀងខ្លាចមូសខាំ នាំឲ្យកើតជំងឺគ្រុនឈាមជាដើម ៕