អ្នកភូមិជាង១០គ្រួសារ ក្នុងខេត្តក្រចេះ យំស្រែក​ថា ​អាជ្ញាធរដាក់កម្លាំងរុះរើ​​ផ្ទះពួកគាត់​ តែបែរជា​​អាជ្ញាធរថា រុះរើតែ៣គ្រួសារប៉ុណ្ណោះ....(មានវីដេអូ)
-

ខេត្តក្រចេះ ៖ កាលពីថ្ងៃទី១៨ ខែកញ្ញា អភិបាលរងស្រុកស្នួល លោក សាម ណាល់ បានប្រាប់ទៅពលរដ្ឋដែលកំពុងរស់នៅ និងកាន់កាប់ដីធ្លី ស្ថិតក្នុងភូមិស្រែនាម ឃុំខ្សឹម ឲ្យរុះ​រើចេញជាបន្ទាន់ ដោយដាក់កំហិតត្រឹមថ្ងៃទី៣០​កញ្ញា ដោយថា បើមិនព្រមរុះរើទេលោកនឹងចាត់វិធានការផ្លូវច្បាប់។ ពលរដ្ឋអះអាងថា អាជ្ញាធរស្រុកស្នួល ខេត្តក្រចេះ បានដាក់កម្លាំងចុះរុះរើផ្ទះ និងឈួសឆាយដំណាំប្រជាពលរដ្ឋជាង១០គ្រួសារនៅភូមិភូមិស្រែនាម ឃុំឃ្សឹម ដោយចោទពលរដ្ឋទាំងនោះថា រស់នៅរំលោភលើដីសង្គមកិច្ចរបស់រដ្ឋ ព្រឹកថ្ងៃទី២ ខែតុលា ឆ្នាំ២០១៨។

ពលរដ្ឋម្នាក់ លោក ហាប់ មូ​សើរ ប្រាប់វីអូឌីថា នៅថ្ងៃនេះអាជ្ញាធរស្រុកស្នួល បានដាក់កម្លាំងមានប៉េអឹម នគរបាល និងត្រាក់ទ័រឈួសឆាយដំណាំ និងផ្ទះពួកគាត់អស់១២ខ្នង។ លោកបន្តថា សកម្មភាពអាជ្ញាធរស្រុកដាក់កម្លាំងឈួសឆាយផ្ទះ និងដំណាំងពួកគាត់នេះជារឿងអយុត្តិធម៌ ដោយថា ពួកគាត់បានទិញដីតំបន់នោះដើម្បីធ្វើកសិកម្មតាំងពីឆ្នាំ២០១២ម្លេះ ​ដោយមានការទទួលស្គាល់ពីអាជ្ញាធរមូលដ្ឋានត្រឹមត្រូវ។

លោកបន្ថែមថា «ពួកខ្ញុំដែលមានដីនៅទីនេះហ្នឹងវាមាន ២៤គ្រួសារ ប៉ុន្តែ១២គ្រួសារទៀត គេអត់បានចូលរួមតវ៉ាទេ ព្រោះពួកគេជាមន្រ្តីរាជការគ្នាគេ។ អញ្ចឹងពួកខ្ញុំដែលចេញតវ៉ានេះមានតែ១២គ្រួសារទេ ហើយ១២គ្រួសារហ្នឹងមានផ្ទះប្រហែល១០ខ្នងទេ ឥលូវគេកំពុងឈួសឆាយហើយ ដំណាំក៏គេឈួសឆាយដែរ»។

អភិបាលរងស្រុកស្នួល លោក សាម ណាល់ ដែលដឹកនាំកម្លាងចុះរុះនៅថ្ងៃនេះមានប្រសាសន៍ថា អាជ្ញាធរចុះរុះរើផ្ទះពលរដ្ឋតែ៣គ្រួសារប៉ុណ្ណោះ ដែលលោកថា ពលរដ្ឋទាំង៣គ្រួសារនោះបានរំលោភយកដីសង្គមកិច្ចដែលអាជ្ញាធរបានវាស់ជាដីឡូត៍ទុកឲ្យពលរដ្ឋផ្សេងរួចទៅហើយ។ លោកបន្ត​ថា ប្រសិនបើពលរដ្ឋទាំង៣គ្រួសារ ដែលអាជ្ញាធររុះផ្ទះនោះចង់បានដីបង្កបង្កើតផល និងតាំងលំនៅដោយស្របច្បាប់ អាចដាក់ពាក្យស្នើសុំទៅគណៈកម្មការដោះស្រាយដីធ្លីខេត្ត ដើម្បីទទួលបានដីសង្គមកិច្ចពីរដ្ឋ។

លោកបន្ថែមថា «ខ្ញុំជំរាបថា ចំពោះដីនេះ គឺជាដីដែលបានផ្តល់សង្គមកិច្ច ដល់មុខសញ្ញាអ្នកទទួលបានដីសង្គមកិច្ចរួចទៅហើយ។ ឥលូវនេះ ដោយសារតែការសម្របសម្រួលឲ្យគាត់ចាកចេញ កុំឲ្យគាត់ដាំដុះ ប៉ុន្តែពួកគាត់នៅតែដាំដុះ អញ្ចឹងថ្ងៃនេះយើងមកការពារសណ្តាប់ធ្នាប់សន្តិសុខជូនប្រជាពលរដ្ឋមុខដែលត្រូវបានទទួលដី»។

ប្រធានគ្រប់គ្រងផ្នែកអង្កេតនៅអង្គការការពារ​សិទ្ធិ​មនុស្ស​លីកាដូ លោក អំ សំអាត ធ្លាប់មានប្រសាសន៍ជុំវិញវិវាទដីធ្លីនេះថា បើពលរដ្ឋទៅរុករានដីព្រៃយូរឆ្នាំរហូតពួកគេ​ដាំ​ដំណាំ​ផ្សេងៗ ហើយអាជ្ញាធរទើបទៅដេញឲ្យពួកគាត់ចេញនោះ វាជារឿងមិនត្រឹមត្រូវនោះទេ ហើយថា រឿងនេះមិនអាចទម្លាក់កំហុសទៅលើពលរដ្ឋទាំងស្រុងនោះទេ គឺអាជ្ញាធរមូលដ្ឋានក៏ត្រូវទទួលខុសត្រូវ ដែរ។លោក អំ សំអាត បានផ្តល់យោបល់ថា អាជ្ញាធរពាក់ព័ន្ធគួរតែដោះស្រាយដោយរកដីធ្លីកន្លែងណាផ្សេងផ្តល់ជូនពលរដ្ឋទាំងនោះឲ្យទទួលយកបានទាំងអស់គ្នា។

លោកបន្ថែមថា« បើបណ្តោយ​ឲ្យគាត់កាន់កាប់រហូតជិត ១០ឆ្នាំ​ហើយៗឲ្យគាត់រុះរើវិញ វាជារឿងមួយមិនសមស្របទេ និងប៉ះពាល់ដល់ការរស់នៅរបស់គាត់។ អញ្ចឹង អាជ្ញាធរគួរតែពិចារណាឡើងវិញ ហើយស្វែងដំណោះស្រាយសមស្របណាមួយ ដើម្បីកុំឲ្យប្រជាពលរដ្ឋរងទុក្ខ ហើយបើដី​កន្លែងហ្នឹងអាចផ្តល់ឲ្យបានគួរតែផ្តល់ឲ្យពួកកាត់ទៅ»។ កាលឆ្នាំមុនលោកនាយករដ្ឋមន្រ្តី ហ៊ុន ​សែន ធ្លាប់ស្តីបន្ទួសទៅមន្រ្តីក្រោយឱវាទដែលមិនព្យាមយាមដោះស្រាយបញ្ចប់បញ្ហាដីធ្លីជូនពលរដ្ឋ។

លោកបន្ថែមថា«គាត់ដាំដុះនៅកន្លែងហ្នឹង គាត់នៅកន្លែងហ្នឹង ប្រគល់ឲ្យគាត់ទៅ ខ្ញុំបាននិយាយរហូតដល់ប៉ុណ្ណេះណោះ។ បើក្នុងគណបក្សខ្ញុំបាននិយាយថា ដីហ្នឹងដីម៉ែលោកឯងហី? បានប្រកាច់ខំទុកធ្វើអី? មិនចែកឲ្យប្រជាជនទៅ? អាហ្នឹងនិយាយឲ្យវាពិត និយាយទៅវាដូចជាហួស ស្រលាញ់ដីហួស ដីម៉ែលោកឯងហី? ម៉េចមិនចែកឲ្យប្រជាជនទៅ»។

លោក ហាប់ មូសើរ ឲ្យដឹងថា ពលរដ្ឋដែលអាជ្ញាធរខេត្តក្រចេះឲ្យរើផ្ទះចេញនោះ ១គ្រួសារមានដី ២ ទៅ ៣ហិកតាដោយអ្នកភូមិខ្លះដាំស្វាយចន្ទី ខ្នុរ ស្វាយ និងដំណាំដំឡូងមីជាដើម ហើយលោកបានអំពាវនាវទៅប្រមុខរដ្ឋា​ភិបាលជួយអន្តរាគមន៍ដោះ​ស្រាយកុំឲ្យមានការបណ្តេញពួកគាត់ចេញទាំងបង្ខំបែបនេះ៕

ប្រភពៈ thestar.media