មេខ្លោងរបស់ក្រុមជួញដូរអាវុធខុសច្បាប់ ដែលចង់ផ្តួលរំលំរាជរដ្ឋាភិបាល ត្រូវចាប់ខ្លួនបាន ក្នុងខេត្តព្រះវិហារ
-

ភ្នំពេញៈ កាលពីយប់ថ្ងៃទី០២ ខែតុលា ឆ្នាំ២០១៨នេះ នាយឧត្តមសេនីយ៍ ខៀវ សុភ័គ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងមហាផ្ទៃ បានបញ្ជាក់ប្រាប់បណ្តាញព័ត៌មានថា មេខ្លោងរបស់ក្រុមជួញដូរអាវុធខុសច្បាប់ទាំង៨នាក់ ដែលប៉ុនប៉ងប្រព្រឹត្តបទល្មើសផ្សេងៗ បង្កអសន្ដិសុខ និងឈានចង់ផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ របស់កម្ពុជានោះត្រូវបានចាប់ខ្លួនហើយ នៅក្នុងទឹកដីខេត្តព្រះវិហារ។ 

អ្នកនាំពាក្យរូបនេះបានបញ្ជាក់ថា បុរសជនសង្ស័យជាមេខ្លោង ដែលត្រូវបានចាប់ខ្លួននេះមានឈ្មោះ ប្តិន្តិ៍ ថងឌី ហៅ ដួង ហៅ ក្រូច ភេទប្រុស អាយុ៤៤ឆ្នាំ នៅក្នុងភូមិសាស្រ្ត ខេត្តព្រះវិហារ។ ក្នុងនោះសមត្ថកិច្ចក៏បានដកហូតវត្ថុតាងមួយចំនួន ក្នុងពេលបើកប្រតិបត្តិការចាប់ខ្លួន ជនសង្ស័យខាងលើនេះដែលរួមមានអាវុធ២ដើម (ខ្លី១ដើម វែង១ដើម) គ្រឿងផ្ទុះ និងសារធាតុផ្សំគ្រឿងផ្ទុះមួយចំនួន។ បើតាមនាយឧត្តមសេនីយ៍ ខៀវ សុភ័គ ជនសង្ស័យ និងវត្ថុតាងកំពុងត្រូវបានបញ្ជូនពីខេត្តព្រះវិហារ មកកាន់អគ្គស្នងការដ្ឋាននគរបាលជាតិ រាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធី។

ពាក់ព័ន្ធនឹងប្រសិទ្ធភាព នៃការបង្ក្រាបបទល្មើសបានទាន់ពេលវេលានេះ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និង ជាប្រធានគណៈបញ្ជាការសន្តិសុខអចិន្ត្រៃយ៍សម្រាប់ការបោះឆ្នោត បានផ្តល់ថវិកា៥ម៉ឺនដុល្លារសហរដ្ឋអាមេរិកដល់កងកម្លាំងនគរបាល ដើម្បីលើកទឹកចិត្តចំពោះការបង្ក្រាបក្រុមប្រដាប់អាវុធអាណាធិបតេយ្យ នាពេលថ្មីៗនេះ ៕