តុលាការ ទទួលយកឯកសារភស្តុតាងថ្មីបន្លែមទៀត ពាក់ព័ន្ធការលួចលក់ដី ១១០០ហិកតា របស់ក្រុមហ៊ុនអាឡឺម៉ង់ នៅស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ
-

ភ្នំពេញៈ កាលពីព្រឹកថ្ងៃទី០២ ខែតុលា ឆ្នាំ២០១៨ម្សិលមិញ ស្ដ្រីម្នាក់ មានឈ្មោះ នួន ច័ន្ទមករា ភេទស្រី អាយុ៣៧ឆ្នាំ ជនជាតិខ្មែរ អាស័យដ្ឋានបច្ចប្បន្ន ផ្ទះលេខ 98C, ផ្លូវលេខ 608, សង្កាត់បឹងកក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ ត្រូវបានលោក សេង លាង ចៅក្រមជំនុំជម្រះ នៃសាលាដំបូងរាជធានីភ្នំពេញ ទទួលយកឯកសារភស្តុតាងថ្មីដែលទើបធ្វើថ្មីៗនៅក្នុងឆ្នាំ២០១៨នេះ ពាក់ព័ន្ធការលួចលក់ដីរបស់ក្រុមហ៊ុនអាឡឺម៉ង់មានទំហំ ១១០០ ហិកតានៅស្រុកភ្នំស្រួច ខេត្តកំពងស្ពឺ ដែលមានឈ្មោះ ដែលតា ដាប់បែលយូ ត្រេឌីង (Delta W Trading Co., Ltd) ។

ជនជាប់ចោទ ធ្លាប់ជាអតីតសមាជិកភាគហ៊ុន របស់ក្រុមហ៊ុន ដែលមានតែឈ្មោះ (ម្ចាស់ភាគហ៊ុនខ្យល់) ដោយសារនាងមានទីកំណើតនៅ ភូមិអង្គសេរី សង្កាត់រកាធំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ។ ជនជាប់ចោទ និងមេធាវីការពារក្តីរបស់ជនជាប់ចោទ តែងតែ បដិសេធចោលនូវរាល់ការចោទប្រកាន់របស់តុលាការ និងច្រានចោលការបង្ហាញ ភស្តុតាងបន្ថែមថ្មីៗ មួយចំនួនទៀត របស់ជនរងគ្រោះ។ ជនជាប់ចោទ ថែមទាំងបានធ្វើការបដិសេធមិនទទួលស្គាល់នូវលទ្ធផលកោសល្យវិច័យចុងក្រោយដោយក្រសួងមហាផ្ទៃទៅលើទម្រង់បែបបទ ឃ្លោងឃ្លា និងខ្លឹមសារទាំងមូលនៃឯកសារដែលមានការចោទប្រកាន់ថា ជាឯកសារក្លែងនោះទេ។

ជនជាប់ចោទឈ្មោះ នួន ច័ន្ទមករា បានព្យាយាមពន្យល់ និងលើកឡើងជាញឹកញយថា រឿងនេះ គឺជារឿងប្តីប្រពន្ធរបស់ខ្លួន គឺមិនមែនជាករណីព្រហ្មទណ្ឌនោះទេ ហេតុអីបានជាមានការចោទប្រកាន់ ហើយចាប់ដាក់គុកជារឿងព្រហ្មទណ្ឌទៅវិញ?។ ជនជាប់ចោទ បានទទូចស្មើសុំម្តងហើយម្តងទៀត ឲ្យលោកចៅក្រមធ្វើការជំនុំជម្រះឲ្យបានឆាប់ និងមិនត្រូវអូសបន្លាយពេលវេលាឡើយ។ ជនជាប់ចោទបាន ប្រើសិទ្ធិមិនឆ្លើយសំនួរមួយចំនួន ដែលពាក់ព័ន្ធ ឯកសារភស្តុតាង ថ្មីដែល ជនរងគ្រោះទើបតែរកឃើញថា ជនជាប់ចោទ បានបន្តលួចលក់ដី ១១០០ហិកតាក្នុងឆ្នាំ២០១៨ (ឯកសារមោឃៈភាពរបស់មេឃុំផង)ក្រោយពេលសាលាឧទ្ធរណ៍បានសម្រេចអោយជនត្រូវចោទបាននៅក្រៅឃុំជាបណ្តោះអាសន្ន។

សំរឿងនេះ មានជនរងគ្រោះ ឈ្មោះ រ៉ៃន័រ ម៉ារា វ៉ូលនី (Rainer Maria Wollny) បានដាក់ចូលនូវភស្តុតាងថ្មីមួយចំនួនទៀត ជាពិសេស គឺភស្តុតាងជាឯកសារ ដែលចាត់ទុកថា ជាឯកសារប្រភពដើម ឬជាឯកសារច្បាប់ដើមដែលជនជាប់ចោទបានយកទៅក្លែងធ្វើជាកំណត់ហេតុប្រជុំ ចុះថ្ងៃទី០១ ខែមករា ឆ្នាំ២០១៤ និងជាលិខិតប្រគល់សិទិ្ធ ចុះថ្ងៃទី០៣ ខែមករា ឆ្នាំ២០១៤ ឲ្យនាងមានសិទិ្ធក្នុងការចាត់ចែងលក់ដីទាំងមូលរបស់ក្រុមហ៊ុន ហើយយកលុយទាំងអស់នោះទៅដាក់ក្នុងហោប៉ៅរបស់ខ្លួនតែម្នាក់ឯង។

ភាគីដើមចោទ ក៏បានបង្ហាញភស្តុតាងជាឯកសារពីរផ្សេងទៀតផងដែរ ដែលបញ្ជាក់ថា ឈ្មោះ នួន ច័ន្ទមករា ពិតជាបានប្រព្រឹត្តបទល្មើស លួចលក់ដីរបស់ក្រុមហ៊ុនពិតប្រាកដមែន ក្រៅពីឯកសារលិខិតផ្ទេរសិទ្ធិកាន់កាប់ដីមួយចំនួនរបស់ក្រុមហ៊ុន ដែលឈ្មោះ នួន ច័ន្ទមករា បានផ្ទេរទៅឲ្យភាគីទី៣ ផ្សេងៗដោយគ្មានភាពស្របច្បាប់នោះ គឺឯកសារកិច្ចព្រមព្រៀងលក់ដីនៅភូមិទឹកល្អក់ ឃុំដំបូករូង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ចំនួន ១១០០ហិកតា ទៅឲ្យឈ្មោះ សុង ហេង ដោយមានស្មាមមេដៃរបស់នាង ប្អូនប្រុសបង្កើតរបស់នាងឈ្មោះ នួន ច័ន្ទសត្យា, លោកស្មៀនឃុំ ឈ្មោះ កៀត សាខន និងហត្ថលេខា និងត្រារបស់លោកមេឃុំដំបូករូង ឈ្មោះ ខៀវ វណ្ណា ផងដែរ។

ដោយឡែក ជនរងគ្រោះក៏បាន រកឃើញឯកសារ ជាច្រើន ដែលជនជាប់ចោទឈ្មោះ នួន ច័ន្ទមករា បានស្នើសុំឲ្យលោកមេឃុំធ្វើមោឃៈភាពចោលទៅលើលិខិតផ្ទេរសិទិ្ធកាន់កាប់ដីចំពោះអ្នកដែលបានទិញដីពីនាងមួយចំនួន ដែលមិនទាន់បានបង់លុយបង្រ្គប់ឲ្យនាង។

ជនរងគ្រោះ បានទាំងរកឃើញថា ជនជាប់ចោទឈ្មោះ នួន ច័ន្ទមករា បានបន្តសកម្មភាពល្មើសដោយមិនខ្លាចញញើតអ្វីឡើយ ក្រោយពីនាងត្រូវបាន សភាស៊ើបសួរ សម្រេចដោះលែងនាងចេញពីគុកព្រៃស វិញកាលពីថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៧។

គួររំលឹកថា ជនជាប់ចោទឈ្មោះ នួន ច័ន្ទមករា ត្រូវបាន សមត្ថកិច្ចក្រសួងមហាផ្ទៃ ចាប់ខ្លួនកាលពីថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៦ និងបានបញ្ជូនទៅដាក់គុកព្រៃសតាមកំហុស។

សវនាការកាលពីម្សិលមិញ ក៏មានការ អាននូវកំណត់ហេតុបំភ្លឺពីសាក្សីពាក់ព័ន្ធ និងឯកសារពាក់ព័ន្ធផ្សេងៗទៀតដូចជា ការបំភ្លឺរបស់លោកខៀវ វណ្ណា មេឃុំដំបូករូង លិខិតជូនដំណឹងរបស់លោកមេធាវី ហេង ពូង ស្តីពីការបដិសេធចោលលើចំណាររបស់លោកនៅលើលិខិតប្រគល់សិទ្ធិដែល ឈ្មោះ នួន ច័ន្ទមករា បានថតចម្លងជាគូល័រយកមកឲ្យលោកចារ និងប្រថាប់ត្រាដឹងឮនោះ លិខិតសម្រង់លទ្ធផលកោសល្យ វិច័យតែទៅលើស្នាមមេដៃ និងហត្ថលេខារបស់លោក រ៉ៃន័រ លិខិតសម្រង់លទ្ធផលកោសល្យវិច័យចុងក្រោយទៅលើទម្រង់បែបបទ និងខ្លឹមសារទាំងមូលនៃកំណត់ហេតុប្រជុំ និងលិខិតប្រគល់សិទិ្ធក្លែងក្លាយដែលធ្វើឡើងដោយនួន ច័ន្ទមករានោះ ព្រមទាំងឯកសារបកប្រែលើខ្លឹមសារទាំងមូលនៃលិខិតទាំងពីរពីភាសាអង់គ្លេសមកជាភាសាខ្មែររួចហើយ អង្គសវនាការនេះ ក៏បានបញ្ចប់នាវេលាម៉ោងប្រមាណ ១២ថ្ងៃត្រង់។

ក្រោយពេលចេញពីសវនាការ លោក រ៉ៃន័រ ម៉ារា វ៉ូលនី បានជម្រាបបណ្តាញសារព័ត៌មានថា លោកទទូចស្នើសុំឲ្យតុលាការ និងសមត្ថកិច្ចគ្រប់ជាន់ថ្នាក់ មេត្តាជួយរកយុត្តិធម៌ជូនលោកក្នុងនាមជាអ្នកវិនិយោគជនជាតិអាល្លឺម៉ង់ម្នាក់។

លោកបានស្នើសុំឲ្យតុលាការ កាត់សេចក្តីដោយផ្អែកទៅលើស្មារតីច្បាប់ និងសីលធម៌តាមរយៈអង្គហេតុ និងភស្តុតាងជាក់ស្តែងទាំងអស់ដែលជនជាប់ចោទ និងបក្សពួករបស់ខ្លួនបានប្រព្រឹត្តមុនពេលចាប់ខ្លួន ក្នុងអំឡុងពេលដែលជនជាប់ចោទកំពុងស្ថិតក្នុងការឃុំខ្លួនបណ្តោះអាសន្ន និងក្រោយពេលដែលជនជាប់ចោទត្រូវបានដោះលែងឲ្យនៅក្រៅឃុំបណ្តោះអាសន្ន ដើម្បីរងចាំការកាត់ទោសជាចុងក្រោយ។

ជនរងគ្រោះថា ចំណាត់ការតុលាការ គឺជាយន្តការធានាដ៏រឹងមាំមួយដល់អ្នកវិនិយោគទុនបរទេសផ្សេងៗទៀតដែលបានចូលមកវិនិយោគនៅកម្ពុជាក្នុងបំណងល្អនៃការចូលរួមកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋស្លូតត្រង់តាមរយៈការផ្តល់ការងារធ្វើដែលចេញពីការបោះទុនវិនិយោគទៅលើវិស័យផ្សេងៗដោយស្របច្បាប់ ដូចជារូបលោក ជាដើម។

ទោះជាយ៉ាងណា សំណុំរឿងមួយនេះ នឹងត្រូវលោក សេង លាង ចៅក្រមជំនុំជម្រះ លើកយកមក បើកសវនាការ ជាលើកចុងក្រោយនៅព្រឹកថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៨ខាងមុខនេះ បន្ទាប់ពីឯកសារច្បាប់ដើម ត្រូវបានយកទៅបកប្រែរួចហើយដោយស្ថាប័នដែលមានការទទួលស្គាល់មួយ ដើម្បីយកមកធ្វើការដេញដោលផ្ទៀងផ្ទាត់ទៅនឹងឯកសារក្លែង និងធ្វើការសន្និដ្ឋានជាចុងក្រោយ៕