កំពង់ឆ្នាំងៈ យោងតាមពាក្យបណ្ដឹងរបស់ប្រជាពលរដ្ឋ៤នាក់ ដែលជាដើមបណ្ដឹង បានប្តឹងទៅសាលាដំបូងខេត្តកំពង់ឆ្នាំង នៅថ្ងៃទី២ ខែតុលា ឆ្នាំ២០១៨ ឲ្យដឹងថា កាលពីថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៨ ពួកគាត់បានដើរទៅធ្វើចម្ការជាធម្មតា ដោយឆ្លងកាត់ដីទំនាស់ រវាងប្រជាពលរដ្ឋភូមិដំណាក់អំពិល និងឈ្មួញដីកូនចៅលោក សៀក គីវ នៅចំណុចជើងភ្នំក្បាលខ្លា ក្នុងភូមិដំណាក់អំពិល ឃុំក្រគរ ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង។

នៅក្នុងថ្ងៃកើតហេតុនេះ យុវជន២នាក់ ត្រូវប៉េអឹមមួយក្រុម បាញ់គំរាមដោយអាវុធខ្លី ចំនួន៣គ្រាប់ ហើយបានចាប់វាយធ្វើបាបពួកគេយ៉ាងសាហាវឃោរឃៅ និងចាប់ជំរិតយកប្រាក់អស់១០ម៉ឺនរៀល ពីប្រជាពលរដ្ឋចំនួន៥នាក់។ នៅក្នុងពេលនោះដែរ មានយុវជនម្នាក់ទៀត បានលួចថតសំលេងតាមទូរស័ព្ទដែលលាក់នៅក្នុងហោប៉ៅខោរបស់គេ តែទូរស័ព្ទនោះក៏ត្រូវបានក្រុមលោកប៉េអឹម ដកហូតយកទៅឆែកមើលលុបរូបភាព ឬលុបសំឡេងដែលថតនោះដែរ តែពួកគេរកមិនឃើញ។ ដូច្នេះសម្លេងនេះ គឺជាភស្តុតាងយ៉ាងច្បាស់ នូវសកម្មភាពរបស់ពួកប៉េអឹមឃោរឃៅ ក្នុងការប្ដឹងពីបទប្រើអំពើហិង្សាដោយចេតនា និងមានស្ថានទម្ងន់ទោសខាងលើនេះ។

ដោយឡែក កុមារីម្នាក់ទៀត អាយុ១១ឆ្នាំ ត្រូវបានក្រុមប៉េអឹមនោះ គំរាមបាញ់បំបាក់ជើងចោល ប្រសិនបើនាងមិនព្រមដើរចេញពីលើដីទំនាស់ដែលគេឈរជើងការពារដីនេះទេ។ នៅក្នុងរឿងនេះដែរ ក៏មានយុវជនម្នាក់ទៀត ត្រូវបានក្រុមប៉េអឹមចាប់ឃាត់ខ្លួន តាំងពីម៉ោង១២ថ្ងៃត្រង់ រហូតដល់ម៉ោង៦ល្ងាច ទើបដោះលែងឲ្យមកផ្ទះវិញ បន្ទាប់ពីគេបានជំរិតទារលុយបាន១០ម៉ឺនរៀល ពីម្តាយជនរងគ្រោះ។

ទាក់ទងនឹងករណីហិង្សាដោយចេតនានេះ កាលពីថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០១៨ ប្រជាពលរដ្ឋនៅក្នុងភូមិដំណាក់អំពិល ប្រមាណជា២០នាក់ បាននាំគ្នាទៅតវ៉ារឿងទំនាស់ដីធ្លី ដោយបានអះអាងថា ពួកគាត់បានកាន់កាប់ដីចម្ការនេះជាយូរណាស់មកហើយ ដោយមានដាំដំណាំមួយចំនួនលើដីនោះផងដែរ។ កន្លងមកក្រុមនិស្សិត ក៏បានវាស់វែងដីចម្ការនេះ ដើម្បីចេញប័ណ្ណកម្មសិទ្ធិឲ្យពួកគាត់ផងដែរ ប៉ុន្តែនៅពេលចេញប័ណ្ណកម្មសិទ្ធិមក បែរជាបានទៅលើឈ្មួញដែលរស់នៅក្នុងទីក្រុងភ្នំពេញទៅវិញ គឺលោក សៀក គីវ និងកូនចៅគាត់។

ក្រោយមកម្ចាស់ដីមានប័ណ្ណកម្មសិទ្ធិ ក៏បានប្តឹងទៅលោកអភិបាលខេត្តកំពង់ឆ្នាំងថា ប្រជាពលរដ្ឋបានរំលោភយកដីរបស់ខ្លួន ដែលមានប័ណ្ណកម្មសិទ្ធិ ទើបនៅថ្ងៃទី១៩-២០ ខែកញ្ញា ឆ្នាំ២០១៨ លោកអភិបានខេត្ត បានចាត់តាំងក្រុមការងារចម្រុះមួយក្រុម ចុះមកវាស់វែងដីតាមប័ណ្ណកម្មសិទ្ធិរបស់ឈ្មួញដី បន្ទាប់មកគេឃើញប៉េអឹមខេត្ត មួយក្រុមគ្នា៦នាក់ ឈរជើងការពារដីទំនាស់នោះឲ្យក្រុមឈ្មួញ ហើយក៏កើតមានរឿងក្រុមប៉េអឹមស៊ីឈ្នួលការពារដីឲ្យឈ្មួញតាមបញ្ជារបស់មេប៉េអឹម និងលោកអភិបាលខេត្ត ប្រើហិង្សាបាញ់គំរាម ចាប់វាយធ្វើបាប គំរាមបាញ់បំបាក់ជើង និងចាប់ជំរិតទារលុយដូចខាងលើនេះ តែម្តង។ ប៉ុន្តែរឿងឃោរឃៅព្រៃផ្សៃខាងលើនេះ លោកមេប៉េអឹមខេត្ត និងប៉េអឹមពាក់ព័ន្ធសុទ្ធតែបានបដិសេធន៍ ជាមួយអ្នកសារព័ត៌មានថា ពួកគេមិនបានប្រព្រឹត្តដូចការចោទប្រកាន់របស់ប្រជាពលរដ្ឋខាងលើឡើយ ៕

