ចោរឆក់ទូរស័ព្ទដៃ២នាក់ ត្រូវប្រជាពលរដ្ឋដេញស្ទាក់ចាប់បាន ប្រគល់អោយសមត្ថកិច្ច
-

ភ្នំពេញៈ កាលពីវេលាម៉ោង៥ល្ងាច ថ្ងៃទី២ ខែតុលា ឆ្នាំ២០១៨ ស្ថិតនៅតាម ផ្លូវ១៩៥៨ ភូមិទំនប់ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។ ជនសង្ស័យ២នាក់ ទី១.ឈ្មោះ តាន់ ឡុងដា ភេទប្រុស អាយុ១៧ឆ្នាំ មានទីលំនៅភូមិក្រាំងអង្ក្រងទី២ សង្កាត់ក្រាំងធ្នង់ខណ្ឌសែនសុខ។ ទី២.ឈ្មោះ ប៉ែន ជ័យសុភា ភេទប្រុស អាយុ១៥ឆ្នាំ មានទីលំនៅ ភូមិគោកឃ្លាង២ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ។ បានធ្វើសកម្មភាពឆក់ទូរស័ព្ទ I Phone7 ពីជនរងគ្រោះ ឈ្មោះ សាយ សុីណាត ភេទប្រុស អាយ៤២ឆ្នាំ មុខរបរ ជាងឈើ ស្នាក់នៅផ្ទះជួលនៅភូមិទំនប់ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ។

តាមសម្តីជនរងគ្រោះបាន្យដឹងថា មុនកើតហេតុ ខណៈដែលជិះម៉ូតូ ចេញពីធ្វើការងារ ឆ្ពោះទៅផ្ទះជួល ដល់ចំណុចខាងលើ គាប់ជួន អ្នករួមការងារទូរស័ព្ទចូលមក ទើបទាញទូរស័ព្ទ I Phone7 មកទទួល កំពុងនិយាយ ស្រាប់តែជនសង្ស័យទាំង២នាក់ ជិះម៉ូតូមួយគ្រឿង ម៉ាក ស្មាស់វី ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1BM/5615 តាមពីក្រោយ ធ្វើសកម្មភាពឆក់យកទូរស័ព្ទពីដៃ បានសម្រេច ហើយព្យាយាមបើករត់គេច ស្រែកចោរ ផ្អើលពលរដ្ឋ អ្នកដំណើរ ជួយអន្តរាគមន៍ ដេញស្ទាក់ចាប់ខ្លួនបាន២នាក់ តែម្តង រួចប្រគល់ឲ្យសមត្ថកិច្ច។ ជនសង្ស័យត្រូវបានសមត្ថកិច្ចឃាត់ខ្លួននាំបញ្ជូនទៅផ្នែកជំនាញអធិការដ្ឋានខណ្ឌ សាកសួរ និងកសាងសំណុំរឿងចាត់ការតាមនីតិវិធី ៕