រឿងពិតចឹងសោះ...ស្រ្តីរុំ​ស្កុ​តមាត់​កូន បានអះអាងនៅមុខសមត្ថកិច្ចថា រឿងធ្វើទារុណកម្មកូននោះ មិនមែនជាការពិតនោះទេ តែជា....
-

រាជធានី​ភ្នំពេញ ៖ ក្រោយពីមានការបែកធ្លាយវីដេអូពេញបណ្តាញសង្គមហ្វេសប៊ុក និងការរិះគន់យ៉ាងខ្លាំងពីសំណាក់ពុកម៉ែ បងប្អូន ដោយការធ្វើទារុណកម្ម​មក​លើ​កូនប្រុស យ៉ាងព្រៃផ្សៃ គ្មានក្តីមេត្តា មិនសមជាម្តាយនោះ​ នៅយប់ថ្ងៃទី១១ ខែតុលា ឆ្នាំ​២០១៨ ស្ត្រី​ខាងលើ​ត្រូវ​សមត្ថកិច្ច​ទៅ​តាម​ហៅ​ដល់​ផ្ទះ ដើម្បី​សាកសួរ​នៅ​ប៉ុស្តិ៍​គោក​ឃ្លាង ទើប​ភ្ញាក់ខ្លួន​ស្រឡាំងកាំង​រឿង​រូបភាព​រុំ​ស្កុ​តមាត់​កូន​នោះ មិនមែន​កូនប្រុស​ទេ តែជា​កូនស្រី ហើយវីដេអូនោះ គឺមាន​រយៈពេល​ជាង​៦​ខែ​កន្លង​មក​ហើយ។


ស្ត្រីរូបនោះបានឆ្លើយសារភាពនៅចំពោះមុខសមត្ថកិច្ចថា គាត់​មានឈ្មោះ សុទ្ធ ធា​រី អាយុ​២៨​ឆ្នាំ មុខរបរ​នៅផ្ទះ មាន​ប្តី​ឈ្មោះ ឈឹ​ម វី​រៈ អាយុ​៣២​ឆ្នាំ មុខរបរ​រត់​ម៉ូតូឌុប មាន​ទីលំនៅ​ក្នុងភូមិ​តំណាក់ សង្កាត់​គោក​ឃ្លាង ខណ្ឌ​សែន​សុខ មានកូន​២​នាក់ ប្រុស​អាយុ​៧​ឆ្នាំ និង​ស្រី​អាយុ​១​ខួប​៦​ខែ មានឈ្មោះ ផល លី​ណា ។ កាលពី​អំឡុង​ជាង​៦​ខែ​មុន កូនស្រីរបស់គាត់ទើបតែមានអាយុ១ខួប ហើយនាងជាក្មេងរពឹងខ្លាំងណាស់ ខណៈពេលដែលក្រុមគ្រួសារនៅជួបជុំគ្នា បាន​លេង​​ជាមួយ​កូន​គាត់​ក៏​យក​ស្កុ​តរុំ​មាត់​កូនស្រី​ពៅ​របស់​គាត់​លេង មិនមែន​កូនប្រុស ដូច​អ្នកលេង​បណ្តាញ​សង្គម​ឃើញ​រូប ហើយ​ថា​នោះ​ទេ។ 


ស្រី្តខាងលើបានបន្តទៀតថា ក្នុង​ចេតនា​លេង​ជាមួយ​កូន​នៅ​ចំពោះ​​​មុខ​ក្រុម​គ្រួសារ​ជុំ​គ្នា​ទាំងអស់ ប្អូនប្រុស​បង្កើត​ឈ្មោះ សុទ្ធ មុន្នី អាយុ​២៤​ឆ្នាំ យក​ទូរស័ព្ទ​របស់​គាត់​ម៉ាក Iphone 7Plush មក​ថត​លេង ហើយ​ក៏​មិន​បាន​បង្ហោះ​ហ្វេ​ស​ប៊ុ​ក​ទេ។


ក្រោយពេលដែលប្អូនប្រុសរបស់គាត់បានជួបគ្រោះថ្នាក់ចរាចរាណ៍បែកក្បាលរហូតដល់សន្លប់ បាត់បង់​ទាំង​លុយកាក់ បាត់​ទាំង​ទូរស័ព្ទ IPhone 7Plush មួយ​គ្រឿង​របស់​គាត់​នោះ​ទៀត​ផង ។ អស់រយៈពេលជាង​៦​ខែ​មក​ហើយ ទើបតែ​ក្នុង​រយៈពេល​២​ទៅ​៣​ថ្ងៃនេះ ធ្វើឲ្យគាត់មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ។ 


ស្រ្តីខាងលើក៏បានអះអាងនៅចំពោះមុខសមត្ថកិច្ចថា នៅក្នុងវីដេអូនោះ ជាសកម្មភាព​លេង​សើចជា​មួយ​កូន​ទេ មិនមែន​ម្តាយ​ធ្វើ​ទារុណកម្ម​ឡើយ។


ដោយរងនូវការរិះគន់ជាច្រើននៅលើបណ្តាញសង្គមហ្វេសប៊ុក ស្រ្តីដែលជាម្តាយរូបនោះ ក៏បានចេញមកមុខធ្វើការសុំទោសជាសាធារណៈ ហើយ​សមត្ថកិច្ច​ក៏​មិន​បាន​ឃាត់​ឃាំង​អ្វី​ដែរ ក្រោយ​សូមទោស​រួច ក៏​អនុញ្ញាតិ​ឲ្យ​វិល​ត្រឡប់​ទៅ​វិញ ៕


ដោយ៖ ភារ៉ា