ភ្នំពេញ៖ បុរសម្នាក់បើករថយន្ដទាំងស្ថានភាពស្រវឹងស្រាឡើងជោគបានទៅបុករះរឺម៉កកង់បីលក់ដូរនិងរបស់របបតាមផ្លូវបណ្ដាលឲ្យខ្ទេចខ្ទីគ្មានសល់ ដោយមិនទាន់អស់ល្បឿនក៏បន្តទៅបុករបងការដ្ឋានក្បែនោះបណ្ដាលឲ្យរងការខូចខាតយ៉ាងដំណំថែមទៀត សំណាងហើយក្នុងហេតុការណ៍គ្រាន់តែមានមនុស្សរងរបួសស្រាលតែប៉ុណ្ណោះ ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បានបង្ករការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១២ និង៤០នាទីរំលងអាធ្រាត្រ ឈានចូលនៅថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៨ ស្ថិតតាមបណ្ដោយផ្លូវរដ្ឋសភា ក្បែរផ្សារកុងទ័រន័រ ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។

យោងតាមប្រភពព័ត៌មានពីប្រជាពលរដ្ឋបានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុគេឃើញបុរសជនជាតិខ្មែរម្នាក់ស្រវឹងស្រាបើករថយន្ដទំនើងម៉ាក អូរឌី ពណ៌សរ ពាក់ស្លាកលេខភ្នំពេញ 2AQ-8808 បានធ្វើដំណើរតាមបណ្ដោយផ្លូវរដ្ឋសភា ទិសដៅពីជើងទៅត្បូងក្នុងល្បឿនយ៉ាងលឿន លុះមកដល់និងចំណុចកើតហេតុក៏បានរេចង្កូតមកបុករះរឺម៉កកង់បីអ្នកលក់ដូរមានទាំងដបសាំង និងរបស់របបលក់ដូរផ្សែងៗទៀតជាច្រើនរាយបាយពៀសពេញផ្លូវនិងបង្ករគ្រោះថ្នាក់ដល់ក្មេងៗ៣នាក់រងរបួសស្រាល ឯរថយន្តបង្កនោះនៅមិនទាន់អស់ល្បឿនក៏បានទៅបុកទំលុះរបងការដ្ឋានក្បែរនោះរងការខូចខាតយ៉ាងដំណំបន្ថែមទៀតទើបទៅមុខលែងរួច ។

ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះដល់កន្លែងកើតហេតុ និងបានធ្វើការវាស់វែងយករថយន្ដបង្កទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោក នៃស្នងការនគរបាលរាជធានីភ្នំពេញរងចាំដោះស្រាយទៅតាមផ្លូវច្បាប់៕








