ឆ្លៀតនោះឆ្លៀត...ឌុបកូនទៅចុះឈ្មោះចូលរៀន ឆ្លៀតលួចម៉ូតូអ្នកគ្រូទៅបាត់ ដោយ...
-

ខេត្តពោធិ៍សាត់៖ កាលពីវេលាម៉ោង៥ ល្ងាច ថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៨ បុរសម្នាក់ត្រូវបានសមត្ថកិច្ចធ្វើការឃាត់ខ្លួន នៅចំណុចផ្ទះម្ដាយ ស្ថិតក្នុងភូមិ ប្រឡាយធំ ឃុំវាល ស្រុកកណ្ដៀង ខេត្តពោធិ៍សាត់។


ជនជនសង្ស័យមានឈ្មោះ ជា ស័ក ទីលំនៅមិនពិតប្រាកដ រស់នៅក្នុងភូមិ ប្រឡាយធំ ឃុំវាល ស្រុកកណ្ដៀង ខេត្តពោធិ៍សាត់។


ប្រភពពីកន្លែងកើតហេតុបានរៀបរាប់ថា កាលពីថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៨ ជនសង្ស័យបានជិះម៉ូតូតួប្រុស ពណ៌ខ្មៅ ១គ្រឿង គ្មានស្លាកលេខ ឌុបកូនប្រុសម្នាក់ទៅចុះឈ្មោះចូលរៀន នៅសាលាបឋមសិក្សាសុភី ស្ថិតក្នុងដប់បាត សង្កាត់លលកស ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ ខណៈពេលនោះ ក៏បានឃើញ ម៉ូតូ ១គ្រឿងម៉ាក ហុងដាឌ្រីម សេ១២៥ ស៊េរីឆ្នាំ២០១០ ពណ៌ខ្មៅ ពាក់ស្លាកលេខ ពោធិ៍សាត់ 1C- 4898 ជាកម្មសិទ្ធិអ្នកគ្រូបង្រៀនឈ្មោះ ជិន ផល្លា អាយុ ៣១ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្ន មានទីលំនៅភូមិព្រែកស្ដី សង្កាត់លលកស ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ ទុកនៅមុខបន្ទប់រៀន ដោយមិនបានដកកូនសោរចេញពីម៉ូតូ។ ដោយឃើញឱកាសល្អ ក៏បានជិះចេញទៅបាត់ ដោយទុកម៉ូតូរបស់ខ្លួនរួមទាំងកូនសោផងដែរ ហើយជនសង្ស័យរូបនេះ បានដោះស្លាកលេខម៉ូតូដែលខ្លួនបន្លំជិះចេញទៅ នៅម្ដុំភូមិជង្រុក ឃុំផ្ទះរុង ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ ក្រោយមកក៏ត្រូវសមត្ថកិច្ចសហការស្រាវជ្រាវឃាត់ចាប់ខ្លួនបាននៅផ្ទះម្ដាយ ដូចបានរៀបរបខាងលើ ដើម្បីបំពេញសំណុំឯកសារពាក់ព័ន្ធបញ្ជូនបន្តទៅការិយាល័យជំនាញនៃស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់បន្តនីតិវិធី៕


ដោយ៖ ភត្រ្តា