ភ្នំពេញៈ កាលពីរសៀលថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៨ លោក សេង រិទ្ធី ជាចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចចេញដីកាឃុំខ្លួនស្ត្រីម្នាក់ មានឈ្មោះ ឡេ ធីយ៉ាង ភេទស្រី អាយុ២៨ឆ្នាំ ជនជាតិវៀតណាម មុខរបរលក់ដូរ មានទីលំនៅស្ថិតភូមិ៤ ឃុំកោះរកា ស្រុកកោះរកា ខេត្តព្រៃវែង។ ដាក់ពន្ធនាគារជាបណ្តោះអាសន្ន ពីបទរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន ពាក់ព័ន្ធរឿង យកថ្នាំញៀនទៅឲ្យប្ដីនៅក្នុងគុកព្រៃស ចំនួន៣កញ្ចប់ធំល្មម ។

បញ្ជាក់ៈ កាលពីថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៨កន្លងមក កាលពីវេលាម៉ោង១១ៈ៥០នាទី កម្លាំងមន្ត្រីមណ្ឌលអប់រំកែប្រែព្រៃស (ម១) បានត្រួតពិនិត្យនឹងឆែកឆេរ លើខ្លួនបុរសម្នាក់ មានឈ្មោះ ឡេ ហាវីត ភេទប្រុស អាយុ២៦ឆ្នាំ ជនជាតិវៀតណាម រកឃើញក្រាមពណ៌សថ្លាចំនួន ៣កញ្ចប់ថង់ធំល្មម យកមកធ្វើការសាកសួរ។

ក្រោយពីធ្វើការសាកសួរទណ្ឌិតឈ្មោះ ឡេ ហាវីត បានប្រាប់ឲ្យដឹងថា ថ្នាំញៀនខាងលើនេះ គឺឈ្មោះ ឡេ ធីយ៉ាង ត្រូវជាប្រពន្ធរបស់គេបានមកចូលសួរសុខទុក ហើយបានយកថ្នាំញៀនចំនួន០៣កញ្ចប់ថង់ធំល្មម មកឲ្យរូបគេបន្ទាប់មកកម្លាំងមន្ត្រី ក៏បានឃាត់ខ្លួនជនសង្ស័យឈ្មោះ ឡេ ធីយ៉ាង រួមនិងវត្ថុតាង ប្រគល់ឲ្យកម្លាំងផ្នែកនគរបាលប្រឆាំងគ្រឿងញៀន នៃអធិការដ្ឋាននគរបាលខណ្ឌដង្កោ យកមកធ្វើការសាកសួរតាមនីតិវិធីច្បាប់។ បច្ចុប្បន្នជនសង្ស័យខាងលើ រួមនិងវត្ថុតាង ត្រូវបានសមត្ថកិច្ចបញ្ជូនទៅកាន់ពន្ឋនាគារព្រៃស ៕
