ឪពុកម្តាយកូនភ្លោះទាំងបី សុំអំពាវនាវដល់ សម្តេចតេជោ មេត្តាជួយដល់ពួកគាត់ផង
-

កំពង់ចាម ៖ កាលពីពេលទាបភ្លឺឈានចូលព្រឹកថ្ងៃទី​២៦ ខែតុលា ឆ្នាំ២០១៨  ប្តីប្រពន្ធមួយគូរ ដែលមានជីវភាពក្រីក្ររកតែអង្ករច្រកឆ្នាំស្ទើរតែមិនបាននោះ ស្រាប់តែកើតបានកូនភ្លោះចំនួន៣នាក់ ប្រុសទាំងបី នៅ​ក្នុង​មន្ទីរពេទ្យ​ខេត្ត។


ជាមួយនោះផងដែរ ឪពុកម្តាយក្មេងប្រុសបានប្រាប់ឲ្យដឹងថា រាល់ថ្ងៃគាត់កំពុងតែមានក្តីកង្វល់ជាខ្លាំង ព្រោះតែមិនមានលុយទិញ ទឹកដោះគោឲ្យកូនបោះ ក៏លើកដៃសំពះសុំក្តីសណ្តោសប្រណី ពីសម្តេច​តេ​ជោ មេត្តាជួយដល់កូនភ្លោះ៣នាក់នេះផង។


ឪពុក​កូនភ្លោះ​៣​នាក់នោះមាន ឈ្មោះ​គង់ សុ​ខុន អាយុ​៤៤​ឆ្នាំ ជាកម្មករសំណង់ ក្នុង​១​ថ្ងៃ​បាន​ប្រាក់​ចំនួន​២៥.០០០​រៀល ដើម្បី​យក​មក​ទិញ​អង្ករ​ដាំបាយ​ហូប ដោះស្រាយ​ជីវភាព​ទាំង​ត្រដាបត្រដួស ។ ចំណែកឯស្រ្តីដែលត្រូវជាម្តាយមានឈ្មោះ ចាន់ រុន អាយុ​៣៣​ឆ្នាំ ។


ស្រ្តីជាម្តាយបានប្រាប់ឲ្យដឹងថា មុនពេលគាត់មានកូនទី៥នេះ គាត់ក៏ធ្លាប់ជាកម្មករយួរកំបោរឲ្យគេដែរ ដោយក្នុងមួយថ្ងៃទទួលបានប្រាក់ចំនួន២ម៉ឺនរៀលផងដែរ។ លុះ​ពេល​ដែល​គាត់​មាន​ផ្ទៃពោះ​កូន​ទី​៥​នេះ ស្រ្តីដែលជាប្រពន្ធមិនបានចេញទៅធ្វើការនៅទីណានោះទេ គឺមានតែប្តីតែប៉ុនណោះ ដែលជាអ្នករកលុយមកចិញ្ចឹមគ្រួសារ។ ស្រ្តីជាម្តាយបានបន្តទៀតថា កូនភ្លោះ​ទាំងបីនាក់មានសុខភាពល្អទេ ដោយ​កូន​បង​គេ​ទង្ង​ន់​១,១០​គីឡូក្រាម កូន​ទី​២​ទង្ង​ន់​១,១០​គីឡូក្រាម និង​កូន​ទី​៣​ទម្ងន់​១,៣០​គីឡូក្រាម ។


នៅពេលឈឺពោះសម្រាលកូននោះ បុរសជាប្តី បានប៉ាវកង់បីមកដឹកប្រពន្ធទៅមន្ទីរពេទ្យ។ ពេលនេះពីរនាក់ប្តីប្រពន្ធរូបនេះ ​ពិតជា​មាន​ក្តី​កង្វល់​មិនដឹង​ថា តើ​រក​លុយ​ពី​ណា​មក​ទិញ​ទឹកដោះគោ​ឲ្យ​កូន​បៅ​នោះ​ទេ ការងារ​សំណង់​ក៏​មិន​បាន​ធ្វើ​ទៀត ។មាន​តែ​សុំ​ក្តី​ករុណា​ពី​សម្តេច​តេ​ជោ សូម​មេត្តា​ជួយ​ផ្តល់​ជា​ថវិកា និង​ទឹកដោះ​គោ ដើម្បី​សង្គ្រោះ​ដល់​កូនភ្លោះ​ទាំង​៣​ផង ព្រោះ​សម្តេច​ចាត់​ទុក​ថា កូនភ្លោះ​៣​ជា​ចៅ​របស់​សម្តេច ៕


ដោយ៖ អាខ្មៅ