យន្តហោះដឹកអ្នកដំណើរ ២១០នាក់មួយគ្រឿង របស់ក្រុមហ៊ុនអាកាសចរណ៍ Lion Air របស់ឥណ្ឌូនេស៊ី បានបាត់ទំនាក់ទំនងជាមួយទីបញ្ជាការហោះហើរ សង្ស័យធ្លាក់ចូលសមុទ្រ...
-

ឥណ្ឌូនេស៊ីៈ កាលពីវេលាម៉ោង៧ៈ៥០នាទីព្រឹក ថ្ងៃទី២៩ ខែតុលា ឆ្នាំ២០១៨ យន្តហោះដឹកអ្នកដំណើរមួយគ្រឿង របស់ក្រុមហ៊ុនអាកាសចរណ៍ Lion Air របស់ ឥណ្ឌូនេស៊ី។ ហោះហើរពីទីក្រុងចាការតា ទៅកាន់ទីក្រុង Pangkakpinang ខេត្ត Bangka Belitung បានបាត់ទំនាក់ទំនងជាមួយទីបញ្ជាការហោះហើរ។

អគ្គនាយកក្រុមហ៊ុនអាកាសចរណ៍ Lion Air លោក Edward Siraint បានប្រកាសឲ្យដឹងថា យន្តហោះ Boeing 737 មានជើងហោះហើរ JT 610 ពីទីក្រុងចាការតា ទៅកាន់ ទីក្រុង Pankalpingnang ប្រទេសឥណ្ឌូនេស៊ី ដោយចាប់ផ្តើមហោះហើរនៅវេលាម៉ោង៦ៈ៣៣នាទី យន្តហោះខាងលើ ដឹកអ្នកដំណើរ២១០នាក់។ យន្តហោះនេះ បានបាត់ទំនាក់ទំនងជាមួយទីបញ្ជាការហោះហើយ ក្រោយហោះហើរបាន១៣នាទីប៉ុណ្ណោះ។

អ្នកនាំពាក្យកម្លាំងសង្គ្រោះឥណ្ឌូនេស៊ីលោក Yusuf Latif បានឲ្យដឹងថា យន្តហោះបានធ្លាក់ចូលសមុទ្រ នៅជិតទីក្រុងចាការតា។ នៅពេលនេះ មិនទាន់ដឹងពីចំនួនអ្នកដំណើរច្បាស់លាស់នៅឡើយ។ ក្រុមជួយសង្គ្រោះឥណ្ឌូនេស៊ីចាប់ផ្តើម ស្វែងរកយន្តហោះដែលបាត់ខ្លួនខាងលើ។ ក្រុមហ៊ុនអាកាសចរណ៍ Lion Air ជាក្រុមហ៊ុនមានតម្លៃសំបុត្រថោក និងពេញនិយមបំផុតនៅក្នុងប្រទេសឥណ្ឌូនេស៊ី ៕