ចប់ហើយ មិនរស់ទេ!!! មន្រ្តីកាំកុងត្រូលតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ រកឃើញប្រហិតសាច់គោ ប្រហិតត្រី ស្ពៃជ្រក់ និងមមាញជ្រក់ នំស្រួយ មានផ្ទុកសារធាតុគីមី ដាក់លក់នៅផ្សាររីករាយ និងផ្សារឈូកមាស ក្នុងខណ្ឌសែនសុខ
-

ភ្នំពេញៈ កាលពីព្រឹកថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៨ ម្សិលមិញនេះ មន្រ្តីសាខាកាំកុងត្រូលតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ បានសហការជាមួយនាយកដ្ឋានមន្ទីរពិសោធន៍ នៃអគ្គនាយកដ្ឋានកាំកុងត្រូល បាននាំយករថយន្តពិសោធន៍ចល័តរបស់អគ្គនាយកដ្ឋានកាំកុងត្រូល ចុះពិនិត្យគុណភាពទំនិញនៅផ្សាររីករាយ និងផ្សារឈូកមាស ក្នុងខណ្ឌសែនសុខ រាជធានីភ្នំពេញ។ ដោយចុះពិនិត្យទំនិញ ជាចំណីអាហារប្រចាំថ្ងៃ ដែលសង្ស័យថា អាចមានហានិភ័យខ្ពស់ចំនួន៦៩គំរូ ដែលរួមមានៈ សណ្តែកបណ្តុះ សាច់ក្រក ត្រីប្រាសំយ៉ុង ត្រីងៀត ប្រហិតសាច់គោ ប្រហិតត្រី សរសៃគុយទាវ មី នំបញ្ចុក បាញ់កាញ់ លត ផ្អក បន្លែស្រស់ច្រើនប្រភេទ ប្រភេទជ្រក់ អាហារសមុទ្រស្រស់ក្លាសេ លតខៀវ នំស្រួយ ជាដើម។ 

ជាលទ្ធផល ផលិតផលដែលបានពិនិត្យទាំង៦៩គំរូនេះ គី១៣គំរូ បានបញ្ជូនទៅវិភាគ នៅមន្ទីរពិសោធន៍របស់អគ្គនាយកដ្ឋានកាំកុងត្រូល ដើម្បីវិភាគលើប៉ារ៉ាម៉ែត្រ មួយចំនួនទៀត៥០គំរូ មានអនុលោមភាពសុវត្ថិភាព និង៦គំរូ មានផ្ទុកសារធាតុគីមីហាមឃាត់ Borax និង Salicylic Acid នៅលើប្រហិតសាច់គោ ៣.៤គក ប្រហិតត្រីរៀល មានលាយគ្រឿងស្រាប់ ១.៣គក ស្ពៃជ្រក់ ២៧គក មមាញជ្រក់ ៥គក និងនំស្រួយ ២.៦គក។ សរុប៣៩.៣០គីឡូក្រាម ហើយត្រូវបានក្រុមការងារ ធ្វើកំណត់ហេតុ ដកហូតកំទេចចោលភ្លាមៗ បន្ទាប់ពីមានការយល់ព្រមពីអ្នកលក់ ៕