រដ្ឋាភិបាលសហរដ្ឋអាមេរិក ស្វាគមន៍ និងកំពុងរៀបចំបន្ត កិច្ចសហប្រតិបត្តិការ រុករកអដ្ឋិធាតុទាហានអាមេរិក ដែលបាត់ខ្លួននៅកម្ពុជា ក្នុងសម័យសង្រ្គាមឡើងវិញ
-

ភ្នំពេញៈ ឆ្លើយនឹងសំណួរសារព័ត៍មាន តាមសារអេឡិចត្រូនិច នៅថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០១៨ លោក Arend Zwartjes អ្នកនាំពាក្យស្ថានទូតអាមេរិកប្រចាំនៅកម្ពុជា បានបញ្ជាក់អំពីការស្វាគមន៍របស់រដ្ឋាភិបាលសហរដ្ឋអាមេរិក ក្នុងការបន្តកិច្ចសហប្រតិបត្តិការ  (POW/MIA) ជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការរុករកអដ្ឋិធាតុទាហានអាមេរិក ដែលបាត់ខ្លួននៅក្នុងសម័យសង្រ្គាមឡើងវិញ។

លោកអះអាងយ៉ាងដូច្នេះថាៈ «រដ្ឋាភិបាល​អាមេរិក​ ស្វាគមន៍​ចំពោះសេចក្តីប្រកាសនាពេលថ្មីៗនេះ ​របស់ព្រះរាជាណាចក្រកម្ពុជា ដែលបានសម្រេចចាប់ផ្តើម ប្រតិបត្តិការតាម​រុក​រក​អដ្ឋិ​ធាតុ​ទាហានអាមេរិកឡើងវិញ ហើយរដ្ឋាភិបាលអាមេរិក ក៏កំពុងរៀបចំបន្តប្រតិបត្តិការនៅទីនេះផងដែរ» ។

ការអះអាងអំពីជំហរសហរដ្ឋអាមេរិកនេះ បានធ្វើឡើងបន្ទាប់ពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានបញ្ជាក់ប្រាប់សមាជិកព្រឹទ្ធសភាអាមេរិក ដោយក្នុងលិខិតសម្តេចតេជោ ហ៊ុន សែន ផ្ញើជូនសមាជិកព្រឹទ្ធសភា រដ្ឋវ៉ាស៊ីនតោន សហរដ្ឋអាមេរិក លោក ដុក អេរិកសុន (Doug Ericksen) និងតំណាងរាស្រ្តលោក វីនសុន បាយ្ស (Vicent Buys) កាលពីថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៨ សម្តេចតេជោ​ បញ្ជាក់ទៀតថា «យើងតែងតែមានបំណងលើកកម្ពស់ទំនាក់ទំនងទ្វេភាគី និងធ្វើឲ្យកាន់តែស៊ីជម្រៅនូវកិច្ចសហប្រតិបត្តិការ លើគ្រប់វិស័យទាំងអស់ ជាមួយសហរដ្ឋអាមេរិក ដោយឈរលើមូលដ្ឋានផលប្រយោជន៍រួម និងគោរពគ្នាទៅវិញទៅមក» ៕