តាកែវៈ កាលពីវេលាម៉ោង១៦ៈ៣០នាទីរសៀល ថ្ងៃទី០២ ខែវិច្ចិកា ឆ្នាំ២០១៨ ស្ថិតនៅភូមិថ្កូវ ឃុំជើងគួន ស្រុកសំរោង ខេត្តតាកែវ។ ក្រោយទទួលបានពាក្យបណ្តឹង ពីឪពុកស្ត្រីរងគ្រោះ ប៉ូលីសចាប់ឃាត់អ្នកជាប់ពាក់ព័ន្ធ៤នាក់ ក្នុងករណីប្រើអំពើហិង្សា វាយទៅលើប្រពន្ធ បូករួមទាំងប្តីជនរងគ្រោះផង យកមកសួរនាំនៅអធិការដ្ឋាននគរបាលស្រុកសំរោង។ មូលហេតុព្រោះខឹងប្រពន្ធ ដែលជាស្ត្រីរងគ្រោះមិនឲ្យយករថយន្តចេញក្រៅផ្ទះ។

ប៉ូលីសនៃអធិការស្រុកសំរោង បានប្រាប់ថា ជនសង្ស័យទាំង៤នាក់ ដែលត្រូវឃាត់ខ្លួនយកមកសួរនាំនោះមានៈ ទី១.ឈ្មោះ ទូលាស់ ស្រស់ ភេទស្រី អាយុ៣៧ឆ្នាំ ជាជនដៃដល់។ ទី២.ឈ្មោះ ទាល ងន ភេទប្រុស អាយុ៣១ឆ្នាំ ត្រូវជាប្តី។ ទី៣.ឈ្មោះ ទាល កា ភេទស្រី។ និងទី៤.ឈ្មោះ កាំ ប៊ុនណារ៉ា ភេទប្រុស អាយុ៣២ឆ្នាំ ទាំងបីនាក់នេះ ជាអ្នកសមគំនិត និងរស់នៅភូមិថ្កូវ ឃុំជើងគួន ស្រុកសំរោង ខេត្តតាកែវ។

ក្រោយទទួលបានពាក្យបណ្តឹង ពីឪពុកស្ត្រីរងគ្រោះ បច្ចុប្បន្នអ្នកទាំង៤ បូករួមទាំងប្តីផងនោះ ត្រូវបានកម្លាំងជំនាញនៃអធិការនគរបាលស្រុកសំរោង ចុះឃាត់ខ្លួនយកមកសួរនាំ និងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តតាកែវ ចាត់ការតាមនីតិវិធី ៕


