ភ្នំពេញៈ កាលពីរសៀលថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០១៨ ចៅក្រមសាលាដំបូងរាជធានីភ្នំពេញ បានប្រកាសសាលក្រមសម្រេច ផ្តន្ទាទោសក្រុមអ្នកក្លាហាន ដែលដេញវាយឡាន និងវាយលោកបណ្ឌិត ស៊ុយ សារ៉េត ឲ្យជាប់គគុករយៈ៣ឆ្នាំ ប៉ុន្តែត្រូវអនុវត្តទោសក្នុងពន្ធនាគារតែ១៨ខែ វិញ។ ដោយសងជនរងគ្រោះ ចំនួន៥០០លានរៀល ស្មើនឹង១២៥.០០០ដុល្លារ ពីឈ្មោះ អាន ផល្លី ភេទប្រុស អាយុ៣៤ឆ្នាំ ស្នាក់នៅភូមិកម្មករ សង្កាត់ច្រាំងចំរេះ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។ ឈ្មោះ យាត ទិត្យា ប្រុស អាយុ២១ឆ្នាំ មុខរបរ មិនពិតប្រាកដ ស្នាក់នៅភូមិទួលគោក សង្កាត់ទួលសង្កែ២ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។ ឈ្មោះ អាន វិនទី ភេទប្រុស អាយុ២១ឆ្នាំ មុខរបរជាងទង ស្នាក់នៅផ្ទះ១០០៥ ផ្លូវ១៩៤ ក្រុម៤០ ភូមិ៩ សង្កាត់ផ្សាដេប៉ូ១ ខណ្ឌទួលគោក។

ក្រោមបទចោទប្រកាន់ទី១ បទហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស និងទី២បទធ្វើឲ្យខូចខាតដោយចេតនា មានស្ថានទម្ងន់ទោស យោងតាមមាត្រា២១៨ និងមាត្រា៤១១ នៃក្រមព្រហ្មទណ្ឌ។ នៅក្នុងសវនាការ កាលពីរសៀលថ្ងៃទី០៣ ខែតុលា ឆ្នាំ២០១៨កន្លងទៅ ក្រុមអ្នកក្លាហានបានសារភាពថា នៅថ្ងៃកើតហេតុ ពួកគេពិតជាបាននាំគ្នាវាយកម្ទេចរថយន្ត និងវាយលោកបណ្ឌិត ស៊ុយ សារ៉េត រហូតរបួសយ៉ាងធ្ងន់ធ្ងរ។ ដោយសារតែមានគេស្រែកថា រថយន្តនោះបើកបរដោយជនជាតិចិន ដែលបុកមនុស្សស្លាប់ ហើយាព្យាយាមបើករត់គេច។ មេធាវីរបស់ជនរងគ្រោះបានទាមទារសំណង ចំនួន៣សែនដុល្លារ ៕




