បច្ចុប្បន្នការកកស្ទះចរាចរណ៍កំពុងក្លាយជាប្រធានបទក្ដៅដែលប្រជាជនទូទៅជួបប្រទះ ពិសេសគឺអ្នករស់នៅទីក្រុងតែម្ដង ។ បញ្ហាកកស្ទះចរាចរណ៍នេះបណ្ដាលមកពីកត្ដាច្រើនយ៉ាងច្រើនដូចជា ចំនួនយានយន្ដកើនឡើង អ្នកបើកបរមិនគោរពច្បាប់ចរាចរណ៍ បើកបរបញ្រ្ចាស់ផ្លូវ និងគ្មានការយោគយល់អាធ្យាស្រ័យគ្នាជាដើម ។

ដោយឡែកបញ្ហាចតយានយន្ដតាមចិញ្ចើមផ្លូវក៏ជាបញ្ហាគោលសំខាន់ផងដែរ ។ ជាក់ស្ដែងកាលពីរសៀលថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ មានគណនេយ្យហ្វេសប៊ុកឈ្មោះ Moon Mara បានបង្ហោះសារហួសចិត្តមិននឹកស្មានមួយដែលធ្វើអោយមានបញ្ហាកកស្ទះចរាចរណ៍តាមដងផ្លូវ ។

ម្ចាស់គណនេយ្យហ្វេសប៊ុកខាងលើរៀបរាប់ថា៖ «នេះមិនមែនជារូបភាពកកស្ទះចរាចរណ៍លើផ្លូវ៣១៥ដ៏ធំនៅខណ្ឌទួលគោកនោះទេ តែជាការចតរថយន្តរង់ចាំកូនចេញពីសាលានៅមុខសាលា Cambridge ដែលជាសាលាមានការអប់រំល្អនិងសម្រាប់កូនអភិជន(អ្នកមាន) មិនដឹងថាកូនក្មួយលោកអភិបាលខណ្ឌទួលគោកបានរៀននៅសាលានោះឬអត់ទេណ៎? បើសិនជាអាចជៀសបាន សូមបងប្អូនកុំជិះកាត់ផ្លូវនេះចន្លោះម៉ោង៣ដល់ម៉ោង៥កន្លះ ដើម្បីកុំឱ្យប៉ះពាល់ដល់ចំណតលើផ្លូវសាធារណៈមួយនេះ និងនាំឱ្យមានស៊ីផ្លេឭរំពងប៉ះពាល់ដល់ការសិក្សាក្មេង ហើយក៏ខ្លាចមានការប៉ះពារជាមួយឡានថ្លៃៗទាំងនោះ! ខណ្ឌល្អទើបសម្បូរមនុស្សល្អរស់នៅបែបនេះ។»
