រដ្ឋធានីហ្សាកាតាៈ បើយោងតាមប្រភពពីព័ត៌មានក្នុងស្រុក ប្រធានក្រុមច្រមុជទឹកលោក Bayu Wardoyo បាននិយាយថា អ្នកច្រមុជទឹកជនជាតិឥណ្ឌូនេស៊ីម្នាក់ មានឈ្មោះ Syachrul Anto វ័យ៤៨ឆ្នាំ បានបាត់ខ្លួននៅថ្ងៃសុក្រ ទី២ ខែវិច្ឆិកា មិនឃើញត្រឡប់មកកន្លែងជួបជុំវិញឡើយនៅម៉ោង៤រសៀល ពេលដែលប្រតិបត្តិការ ត្រូវបានបញ្ចប់ដោយសារតែគ្មានពន្លឺគ្រប់គ្រាន់។ អំឡុងពេលបំពេញប្រតិបត្តិការ រុករកនិងសង្គ្រោះ នៃឧបទ្ទវហេតុ ធ្លាក់យន្តហោះរបស់ក្រុមហ៊ុនអាកាសចរណ៍ Lion Air JT610 ដែលបានជួបគ្រោះថ្នាក់កាលពីថ្ងៃច័ន្ទកន្លងទៅ។ សាកសពជនរងគ្រោះ ត្រូវបានយកចេញពីក្នុងសមុទ្រនៅម៉ោង៩:៣០នាទីយប់ ។

តាមការឱ្យដឹង Syachrul ធ្លាប់បានចូលរួមក្នុងប្រតិិបត្តិការជួយសង្គ្រោះនៅទីក្រុង Palu ដែលជួបគ្រោះរញ្ជួយដី និងរលកយក្សស៊ូណាមិក កាលពីខែកញ្ញាកន្លងទៅ ហើយគាត់ក៏បានចូលរួមក្នុងដំណើរការជម្លៀសជនរងគ្រោះ នៃឧបត្តិហេតុធ្លាក់យន្តហោះ AirAsia កាលពីជិតបួនឆ្នាំមុនផងដែរ។

គួររំលឹកផងដែរថា ក្នុងប្រតិបត្តិការរុករក ភស្តុតាងនិងសាកសព ពីយន្តហោះដែលបានធ្លាក់នោះ ក្រុមអ្នកជំនាញបានរកឃើញនូវប្រអប់ខ្មៅពីរ ប៉ុន្តែនៅមិនទាន់អាចទាញយកទិន្នន័យ ដែលនៅក្នុងប្រអប់នោះឡើយ ដោយសារតែវាមានសំណល់អំបិលជាប់ និងផ្នែកខ្លះទៀតគឺមានបញ្ហា។ យ៉ាងណាមិញ ក៏មានការចូលរួមពីការិយាល័យសុវត្ថិភាពដឹកជញ្ជូនអូស្ត្រាលី Bureau ដែលនឹងមកជួយទាញយកទិន្នន័យ ពីប្រអប់ខ្មៅនោះ ៕


