កំពង់ធំៈ កាលពីល្ងាចថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ ស្ថិតក្នុងសាលាវិទ្យាល័យពង្រ ស្រុកស្ទោង ខេត្តកំពង់ធំ។ សិស្សអនុវិទ្យាល័យពង្រ ចំនួន៤៨នាក់ បានដួលសន្លប់ ក្នុងករណីពុលអាហារ ដោយសារតែពុលបាយ និងទឹកលក់ក្នុងសាលា។ បច្ចុប្បន្ននេះ សិស្សានុសិស្សទាំង៤៨នាក់ កំពុងតែសម្រាកព្យាបាល នៅឯមន្ទីរពេទ្យបង្អែកស្រុកស្ទោង ដោយក្នុងនោះ មានសិស្សខ្លះមានអាការៈ បានធូរស្រាលជាបណ្ដើរៗហើយ។

នាល្ងាចថ្ងៃដ៏ដែរនេះ លោក សុខ លូ អភិបាលខេត្តកំពង់ធំ ក៏បានអញ្ជើញចុះពិនិត្យស្ថានភាព ជំងឺដល់សិស្សានុសិស្សដែលពុលចំណីអាហារ កំពុងសម្រាកព្យាបាល នៅមន្ទីរពេទ្យបង្អែកស្រុកស្ទោង និងបានឧបត្ថម្ភជាទឹកសុទ្ធ និងថវិកាមួយចំនួនផងដែរ។ ពេលនេះសិស្សានុសិស្សចំនួន៤៨នាក់ ក៏បានធូរស្រាលឡើងវិញហើយ បន្ទាប់ពីគាត់បានមកចូលសម្រាកព្យាបាលជំងឺ នៅមន្ទីរពេទ្យបង្អែកស្រុកស្ទោង តាំងពីម៉ោង៩រហូត មកដល់ម៉ោង៥នេះ។

លោក សុខ លូ បានអំពាវនាវទៅដល់អ្នកគ្រូ លោកគ្រូ ក៏ដូចជាដល់អាជីវករលក់ នៅក្នុងអនុវិទ្យាល័យពង្រ ត្រូវតែពិនិត្យមើលអាហារឲ្យបានត្រឹមត្រូវ មុននឹងលក់ឲ្យសិស្សបរិភោគ ៕









