ភ្នំពេញៈ កាលពីព្រឹកថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០១៨ ស្រ្តីជាមេតុងទីនម្នាក់ មានឈ្មោះ ឆេង សារ៉ា អាយុ៣៤ឆ្នាំ មុខរបរ ជាមេតុងទីន និងជាអ្នកគួកជេរ ដីផ្ទះ មានទីលំនៅ ក្នុងភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ១ ខណ្ឌពោធិសែនជ័យ។ ត្រូវបានសមាជិកក្រុមអ្នកលេងតុងទីន ប្តឹងចោទប្រកាន់ឆបោកលុយរាប់មុឺនដុល្លារ ស្រ្ដីខាងលើត្រូវបាន នគរបាលខណ្ឌពោធិសែនជ័យ នាំខ្លួនបញ្ជូនឡើងតុលាកា ដើម្បីបន្តនីតិវិធី រួមដំណើរជាមួយ ជនសង្ស័យ៣នាក់ទៀត ក្នុងបទចោទប្រកាន់ រំលោភសេពសន្ទវៈ។

តាមនគរបាលបានឲ្យដឹងថា ជនសង្ស័យត្រូវបញ្ជូននាំខ្លួនទៅកាន់តុលាកា នៅព្រឹកនេះ មានចំនួន៤នាក់ ក្នុងសំណុំរឿង២ផ្សេងគ្នា ស្រ្តីម្នាក់ក្នុងករណី សង្ស័យឆបោកលុយតុងទីន ដែលប្រព្រឹត្តទៅ នៅក្នុងផ្សារកាណាឌីយ៉ា ភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ១ ត្រូវបានកូនតុងទីន ២០នាក់ ចាប់ប្រគល់ឲ្យសមត្ថកិច្ច កាលពីល្ងាចថ្ងៃទី១ ខែវិច្ឆិកា កន្លងមក។ ចំណែកជនសង្ស័យ៣នាក់ទៀត ជាប់ចោទក្នុងករណី រំលោភសេពសន្ទវៈ បានសម្រេច ក្នុងនោះមានម្នាក់ ជាជនប្រព្រឹត្ត និង២នាក់ទៀត ជាអ្នករួមសមគំនិត ដែលប្រព្រឹត្តទៅកាលពីយប់ថ្ងៃទី១ ខែវិច្ឆិកា កន្លងមកនៅភូមិព្រៃបឹង សង្កាត់កន្ទោក។

ជនសង្ស័យទាំង៤នាក់ខាងលើ ក្រោយពីភាគីរងគ្រោះប្តឹងចោទប្រកាន់ សមត្ថកិច្ចចាប់ឃាត់ខ្លួន កសាងសំណុំរឿង រហូតមកដល់ព្រឹកថ្ងៃទី០៥ ខែវិច្ឆិកា នេះត្រូវបានបញ្ជូនខ្លួនទៅតុលាកា ដើម្បីឲ្យព្រះរាជអាជ្ញា សាកសួរនិងចោទដាក់បន្ទុកជាផ្លូវការ ៕
