ភ្នំពេញៈ ប្រជាពលរដ្ឋដែលជាកម្មករកម្មាការនីរោងចក្ររាប់រយនាក់បានរត់ប្រសាចចេញពីរោងចក្រឆ្ពោះមកបន្ទប់ជួលនឹងលំនៅដ្ឋានរៀងៗខ្លួនដើម្បីប្រមូលសម្ភារប្រើប្រាស់ចេញពីបន្ទប់ជួល ខណៈដែលអគ្គីភ័យបានឆាបឆេះគុម្ភត្រែងយ៉ាងសន្ធោសន្ធៅនៅក្នុងដីឡូតមួយកន្លែងក្បែររោងចក្រស្ថិតនៅផ្លូវដួងងៀប ភូមិដំណាក់ ៣ សង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ កាលពីវេលាម៉ោង១នឹង០០នាទីរសៀលថ្ងៃទី ០៦ ខែ វិច្ឆិកា ឆ្នាំ ២០១៨ ។

បើបើសម្តីកម្មករកម្មាការនីរោងចក្របានអោយដឹងថាមុនពេលកើតហេតុក្រុមកម្មករបានចេញមកសម្រាកម៉ោងបាយថ្ងៃត្រង់ហើយខណៈដែលពួកគាត់វិលត្រឡប់ចូលបម្រើការនៅក្នុងរោងចក្រវិញ ស្រាប់តែឃើញមានផ្សែងហុយឃ្មួលឃ្មួញនឹងអណ្តាតភ្លើងយ៉ាងសន្ធោសន្ធៅចេញពីដីឡូតដែលមានគុម្ពត្រែងនៅក្បែររោងចក្រ ហើយភ្លាមៗក៏មានការភ្ញាក់ផ្អើលឆោមឡោរហូតថៅកែរោងចក្រសម្រេចអោយក្រុមកម្មករទាំងអស់ចេញពីរោងចក្រទៅផ្ទះរៀងៗខ្លួន។ ប្រភពដដែលបន្តថា កម្មករជាច្រើនដែលមានបន្ទប់ជួលក្បែរទីតាំងកើតហេតុបាននាំគ្នារត់ទៅប្រមូលខោអាវ នឹងសម្ភារចេញពីក្នុងបន្ទប់ ព្រោះខ្លាចអគ្គិភ័យឆេះរាលដាលដល់បន្ទប់ជួលពួកគាត់ ។

បន្ទាប់ពីមានហេតុការណ៍នេះកម្លាំងសមត្ថកិច្ចមូលដ្ឋានបានសហការជាមួយកងកម្លាំងបង្កនឹងពន្លត់អគ្គិភ័យចុះអន្តរាគមន៍បាញ់ទឹកស្រោចទៅលើទីតាំងដែលឆាបឆេះអស់រយះជាង២ម៉ោងនឹងប្រើទឹកអស់ជាច្រើនឡានទើបអាចទប់ស្កាត់អោយអណ្តាតភ្លើងទាំងនោះរលត់សូន្យសុងទៅវិញ។ ហើយចំពោះករណីអគ្គិភ័យនេះជាជំហានដំបូងសមត្ថកិច្ចដាក់ការសន្និដ្ឋានថាអាចបង្កឡើងដោយសារការបោះកន្ទុយបារីចូលក្នុងគុម្ពត្រែងទើបឆាប់ឆេះឡើងតែម្តងទៅ៕




ដោយ៖ ភារ៉ា