ភ្នំពេញ ៖ កាលពីវេលាម៉ោង ៤និង៣នាទីទៀបភ្លឺថ្ងៃទី ៦ ខែវិច្ឆិកា ឆ្នាំ២០១៨ ជិតនិងស្ពានអាកាសស្ទឹងមានជ័យ ផ្លូវព្រះមុនីរ៉េត សង្កាត់ស្ទឹងមានជ័យ១ ខណ្ឌមានជ័យ ស្រ្តីម្នាក់បានជិះម៉ូតូចេញពីផ្សារទិញបន្លែនិងសាច់ ពេលធ្វើដំណើរត្រឡប់ទៅផ្ទះវិញ ស្រាប់តែមានជនសង្ស័យម្នាក់ ធ្វើសកម្មភាពឆក់កាបូបស្ពាយ ពីស្រ្តីរូបនោះមិិនបានសម្រេច ហើយត្រូវបានស្រ្តីរូបនោះ ជិះម៉ូតូដេញបុក បណ្តាលឲ្យដួលម៉ូតូទាំងពីរគ្រឿងតែម្តង។

ស្ត្រីរងគ្រោះឈ្មោះ ទិត ដាវ៉ាន់ អាយុ៤៨ឆ្នាំ មុខរបរលក់បាយមុខរោងចក្រជិះម៉ូតូម៉ាកហុងដាឌ្រីម ស៊េរីឆ្នាំ២០០៦ ពណ៌ខ្មៅ ពាក់ស្លាកលេខ កណ្តាល ១J-២៤៤៦ ។ ចំណែកម៉ូតូរបស់ជនសង្ស័យ ម៉ាកសង់ប៊ិច ពណ៌ខ្មៅ ពាក់ស្លាកលេខ កំពង់ឆ្នាំង ១C-៦១៧៩ ។

បើតាមសម្តីស្រ្តីរងគ្រោះបានប្រាប់ឲ្យដឹងថា នៅមុនពេលកើតហេតុ ជនរងគ្រោះជិះម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ ចេញពីទិញបន្លែនិងសាច់ នៅផ្សារដើមគ លុះដល់ចំណុចកើតហេតុ ស្រាប់តែជនសង្ស័យជិះធ្វើសកម្មភាពឆក់កាបូបស្ពាយពីគាត់ តែមិនបានសម្រេច ជនរងគ្រោះក៏ស្ទុះបំបុកម៉ូតូជនសង្ស័យពីក្រោយ បណ្តាលឲ្យដួលម៉ូតូទាំងពីរគ្រឿង និងធ្វើឲ្យស្រ្តីរងគ្រោះរងរបួសរលាត់ដៃ រលាត់ជើងតិចតួច ចំណែកជនសង្ស័យភ័យស្លន់ស្លោក៏បានរត់គេចខ្លួន ដោយបន្សល់ទុកម៉ូតូមួយគ្រឿងនៅកន្លែងកើតតែម្តង ។

ក្រោយពេលកើតហេតុ កម្លាំងសមត្ថកិច្ច ប៉ុស្តិ៍នគរបាលស្ទឹងមានជ័យ បានចុះមកសួរនាំជនរងគ្រោះ ព្រមទាំងយកម៉ូតូជនសង្ស័យ យកទៅសាកសួរ និងដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍ ដើម្បីកំណត់មុខសញ្ញា ៕
ដោយ៖ ភារ៉ា