ខំទុកចិត្ត គិតថាស្គាល់គ្នាយូរ!!! ខ្ចីម៉ូតូយកទៅក្រៅដឹកឥវ៉ានមួយភ្លែត ស្រាប់តែយកទៅបញ្ចាំ ត្រូវនារីគ្រោះប្តឹងប៉ូលីសចាប់វ៉ៃខ្នោះ..
-

ខេត្តកណ្តាលៈ កាលពីវេលាម៉ោង០៨ៈ៣០នាទី ថ្ងៃទី៥ ខែវិខ្ឆិកា ឆ្នាំ២០១៨ នៅចំណុចក្រុមហ៊ុនស៊ីភី ភូមិព្រែកសំរោង២ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល។ ជនល្មើសម្នាក់ មានឈ្មោះ យ៉ាន់ កុសល្យ ហៅនិត ភេទប្រុស អាយុ២៨ឆ្នាំ ស្នាក់នៅក្នុងក្រុមហ៊ុនស៊ីភី ភូមិព្រែកសំរោង២ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល មុខរបរ សន្តិសុក្រុមហ៊ុន EPS (ឃាត់ខ្លួន)។ ក្រោយពីខ្ចីម៉ូតូនារីម្នាក់ មានឈ្មោះ ងឿម បុប្ផា ភេទស្រី អាយុ១៧ឆ្នាំ ទីលំនៅភូមិព្រែកសំរោង៣ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល មុខរបរ កម្មករក្រុមហ៊ុនស៊ីភី។ ម៉ាក HONDA C១២៥ ១គ្រឿង ពណ៌ខ្មៅ សេរីឆ្នាំ២០១១ ពាក់ផ្លាកលេខភ្នំពេញ ១AW-៤១៤០ យកទៅបញ្ចាំ។

តាមប្រភពសមត្ថកិច្ចបានអោយដឹងថា មុនពេលកើតហេតុ ជនល្មេីសបានសុំខ្ចីម៉ូតូរបស់ជនរងគ្រោះ ជិះទៅយកឥវ៉ាន់ នៅភ្នំពេញមួយភ្លែត រួចក៏ទៅបាត់រហូត។ លុះដល់វេលាម៉ោង២១ៈ១០នាទី ថ្ងៃខែឆ្នាំដដែល ទេីបជនល្មេីសត្រឡប់មកក្រុមហ៊ុនវិញមិនឃេីញយកម៉ូតូមកឲ្យវិញ ទេីបជនរងគ្រោះប្តឹងឲ្យសមត្ថកិច្ចឃាត់ខ្លួនតែម្តង នៅចំពោះមុខសមត្ថកិច្ចជនល្មេីសបានឆ្លេីយសារភាពថា បានយកម៉ូតូនោះ ទៅបញ្ចាំនៅហាងបញ្ចាំ មិនចាំយីហោម្តុំផ្សារឃ្លាំងរំសេវ បានលុយចំនួន៥០០ដុល្លា យកទៅឲ្យមិត្តភក្តិខ្ចីអស់បាត់ទៅហេីយ។ បន្ទាប់មកជនល្មេីស ត្រូវបានបញ្ជូនមកកាន់អធិការដ្ឋាន នគរបាលក្រុងតាខ្មៅ ដេីម្បីបន្តចាត់ការតាមនីតិវិធី ៕