ភ្នំពេញ ៖ កាលពីល្ងាចថ្ងៃទី០៦ ខែ ខែវិច្ឆិកា ឆ្នាំ២០១៨ ស្រ្តីម្នាក់បានត្រូវបានជនខិលខូច មួយក្រុមទូរស័ព្ទមកប្រាប់ថា គាត់ឈ្នះរង្វាន់ធំគិតជាទឹកប្រាក់ចំនួន១០ម៉ឺនដុល្លារអាមេរិក ចុងក្រោយទើបដឹងថា ចាញ់បោកគេសោះ ក៏សម្រេចចិត្តធ្វើដំណើរទៅសុំការអន្តរាគមន៍ពីកម្លាំងនគរបាលប៉ុស្តិ៍ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

ស្រ្តីរូបនោះមានឈ្មោះថា វុក ណេត អាយុ៣០ឆ្នាំ មុខរបរ កម្មកររោងចក្រ ស្នាក់នៅ ភូមិត្រពាំងថ្លឹង១ សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ។

បើតាមសម្តីស្រី្តខាងលើបានប្រាប់ថា កាលព្រឹកជនខិលខូចបាន តេមកប្រាប់ខ្លួនគាត់មានសំណាងឈ្នះរង្វាន់ធំ ដែលមានចំនួនទឹកប្រាក់រហូតដល់ទៅ ១០ម៉ឺនដុល្លារ។ ព្រោះតែត្រេកអរខ្លាំងពេក ដែលខ្លួននឹងក្លាយជាអ្នកមាន តែអ្វីប្រែជាខកបំណងទៅវិញ។
ស្រ្តីខាងលើបានប្រាប់ទៀតថា ជនខិលខូចបានឲ្យរូបគាត់ (ស្រ្តីរងគ្រោះ) វេរលុយរត់ឯកសារ ដើម្បីបង្កើតគណនេយ្យដាក់ប្រាក់ឲ្យ (១០ម៉ឺនដុល្លារ) ដោយឲ្យជនរងគ្រោះវេរលុយជូនខាងជនខិលខូច លើកទីមួយចំនួន៥០០ដុល្លារ ទីពីរ ១ពាន់ដុល្លារ លើកទីបី៥០០ដុល្លារទៀត ។ បន្ទាប់ពីផ្ងើរលុយឲ្យអស់ប្រាក់ចំនួន២ពាន់ដុល្លារ នៅតែមិនឃើញប្រាក់ទម្លាក់មកទៀត នៅចុងក្រោយជនខិលខូចបានតេប្រាប់គាត់ទៀតថា ឲ្យផ្ងើរលុយ៥០០ដុល្លារទៀត តែដោយសារតែនៅក្នុងខ្លួនអស់ប្រាក់ហើយនោះ ក៏បានដើរខ្ចីប្រាក់គេ ដើម្បីវេរឲ្យគេទៀត តែអ្នកជិតខាងមិនឲ្យខ្ចីសោះ។
ក្រោយមកអ្នកជិតខាងបានសួរនាំពីមូលហេតុដែលដើរខ្ចីលុយគេ គាត់ក៏បានប្រាប់តាមដំណើររឿង។ ទើបបែកធ្លាយរឿងចាញ់បោកគេ ភ្លាមៗនោះគាត់បានខលទៅកាន់ក្រុម ជនខិលខូច តែពួកនោះបិទទូរស័ព្ទខលលែងចូល។ គាត់បានភ្លឺភ្នែកដឹងថាចាញ់បោកទើបធ្វើដំណើរទៅកាន់ ប៉ុស្ដិ៍ចោមចៅ១ ដើម្បីដាក់ពាក្យប្ដឹងសុំឲ្យនគរបាលជួយអន្តរាគមន៍តែម្ដង៕
ដោយ៖ ភត្រ្តា