តាកែវៈ កាលពីវេលាម៉ោង១១ៈ៣០នាទី ថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០១៨ ស្ថិតនៅភូមិប្រាំបីមុំ ឃុំប្រាំបីមុំ ស្រុកទ្រាំង ខេត្តតាកែវ។ បុរសចំណាសម្នាក់ មានឈ្មោះ អ៊ុំ រុង អាយុ៥២ឆ្នាំ ដែលគេស្គាល់ថា ជាមនុស្សស្រវឹងខួប ត្រូវបានស្ត្រីរងគ្រោះ ជាប្រពន្ធ មានឈ្មោះ កូវ ស អាយុ៥៨ ប្តឹងប៉ូលីសឲ្យចាប់ខ្លួនក្រោយបង្ករហិង្សា បណ្តាលឲ្យរងរបួសយ៉ាងដំណំ។

ករណីនេះដែរ បើតាមស្ត្រីរងគ្រោះជាប្រពន្ធបានប្រាប់ថា ជនសង្ស័យបានប្រមូលខោអាវ ពីក្នុងផ្ទះមកដុតចោល ឃើញដូចនោះគាត់បានទៅរុញប្តីចេញ តែត្រូវប្តីអប្រិយទាញបានដងចប វាយត្រូវពីរដងចប បណ្តាលឲ្យមានរបួសស្នាមហើមជាំកែងដៃឆ្វេង១កន្លែង នឹងជាំត្រគាកក១កន្លែង។

ក្រោយពីប្តីបង្កហិង្សារួច ស្ត្រីរងគ្រោះបានមកដាក់ពាក្យបណ្តឹង ឲ្យប៉ូលីសជួយអន្តរាគមន៍ កុំឲ្យប្តីស្រវឹងខួបនេះបានដៃពេក។ បច្ចុប្បន្ន ជនសង្ស័យត្រូវបានកម្លាំងជំនាញស្រុកទ្រាំង ឃាត់ខ្លួនយកមកសួរនាំ និងសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តតាកែវ ចាត់ការតាមនីតិវិធី ៕