ស្ទឹងត្រែងៈ កាលពីព្រឹក ថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០១៨ យុវជនម្នាក់ មានឈ្មោះ ម៉ៅ ឌីណា ភេទប្រុស អាយុ២១ឆ្នាំ មានមុខរបរ ជាអ្នកលក់ភេសជ្ជៈអូរអ៊ីឈិ និងទឹកប្រទាលប្រចាំក្រុងស្ទឹងត្រែង មានទីលំនៅភូមិស្រែក្រសាំង ឃុំស្រែក្រសាំង ស្រុកសៀមបូក ខេត្តស្ទឹងត្រែង។ ត្រូវសមត្ថកិច្ចនគរបាលក្រុងស្ទឹងត្រែងឃាត់ខ្លួន ពាក់ព័ន្ធបទជំរិតទារប្រាក់ ១.០០០ដុល្លារ ពីម្ចាស់ហាងប្តូរប្រាក់ និងលក់ទូរស័ព្ទដៃមួយកន្លែង នៅផ្សារខេត្តស្ទឹងត្រែង។

កាលពីថ្ងៃទី៦ ខែវិច្ឆិកា យុវជនខាងលើនេះ បានបង្ហោះសាររិះគន់ម្ចាស់ហាងឈ្មោះ ហេង ឡាយ ចែកចាយតាមបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុក។ យុវជនរិះគន់ថា ខ្លួនបានយកប្រាក់រៀលរាយ ទៅទិញកាតទូរស័ព្ទ នៅហាងមួយឈ្មោះ ហេង ឡាយ នៅផ្សារស្ទឹងត្រែង។ ពេលយកប្រាក់រៀល ទៅចាយម្ចាស់ហាង បានបដិសេធមិនយកប្រាក់រៀលរាយនោះទេ ដោយបាននិយាយថាខ្ជិលរាប់។ ក្រោយចេញពីកន្លែង ទិញកាតទូរស័ព្ទភ្លាម យុវជនខាងលើ ខឹងសម្បាយ៉ាងខ្លាំង ក៏បានបង្ហោះសាររិះគន់ រឿងចាយប្រាក់រៀល ត្រូវអ្នកលក់កាតទូរស័ព្ទថាខ្ជិលរាប់ មិនយកប្រាក់របស់ខ្លួន ក្នុងគោលបំណងឱ្យមហាជន បានដឹងពីអ្នកហាងខាងលើ មិនទទួលប្រាក់រៀលរាយខ្មែរនោះឡើយ។

មន្ត្រីនគរបាលក្រុងស្ទឹងត្រែងបានឱ្យដឹងថា ម្ចាស់ហាងបានឃើញឈ្មោះ ម៉ៅ ឌីណា បង្ហោះសាររិះគន់ហាងរបស់ខ្លួន ហើយអ្នកលេងតាមបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុកចែកចាយបន្តគ្នា។ ឃើញដូចនោះ ម្ចាស់ហាងក៏បានប្រាប់ឱ្យឈ្មោះ ម៉ៅ ឌីណា លុបចេញពីហ្វេសប៊ុក។ តែយុវជនរូបនេះ មិនបានលុបទេ ហើយបាននិយាយគំរាមទារប្រាក់ ចំនួន១.០០០ដុល្លារ ពីម្ចាស់ហាងឈ្មោះ ហេង ឡាយ ជាថ្នូរនឹងការលុបសាររិះគន់ លើបណ្តាញសង្គមហ្វេសប៊ុករបស់ខ្លួន។ បន្ទាប់មក ម្ចាស់ហាងបានដាក់ពាក្យបណ្តឹងនៅកន្លែងអធិការដ្ឋាននគរបាលក្រុងស្ទឹងត្រែង ចោទយុវជនបង្ហោះហ្វេសប៊ុកថា បានគំរាមជំរិតទារប្រាក់១០០០ដុល្លារ។ ពេលទទួលពាក្យបណ្តឹងភ្លាម អធិការក្រុងស្ទឹងត្រែង ក៏បានបើកការស្រាវជ្រាវ និងឃាត់ខ្លួនយុវជន យកទៅសាកសួរនៅអធិការក្រុងតែម្តង ៕
