កម្លាំងអង្គការសម្ព័ន្ធមិត្តសត្វព្រៃ ជាច្រើននាក់ ប្រដាប់ដោយអាវុធ បានចុះទៅកាប់បំផ្លាញផលដំណាំប្រជាពលរដ្ឋ ជាច្រើនគ្រួសារគ្មានសល់ ដោយចោទប្រកាន់ថា ពលរដ្ឋបានធ្វើចំការនៅលើដី ក្នងតំបន់អភិរក្សសត្វព្រៃ
-

កោះកុងៈ កាលពីរសៀលថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០១៨ កម្លាំងខាងអង្គការសម្ព័ន្ធមិត្តសត្វព្រៃ (WILD AlIANCE) ជាច្រើននាក់ ប្រដាប់ដោយអាវុធ បានចុះទៅកាប់បំផ្លាញផលដំណាំប្រជាពលរដ្ឋ ដែលបានដាំជាលក្ខណៈចំការគ្រួសារ មាន ដើមដូង ធុរេន ចេក មង្ឃុត ភ្ញៀវនិងចន្ទី ជាដើម ដោយចោទប្រកាន់ថា ពលរដ្ឋបានធ្វើចំការនៅលើដីក្នងតំបន់អភិរក្សសត្វព្រៃដែលគ្រប់គ្រងដោយអង្គការសម្ពន្ធ័មិត្តសត្វព្រៃ។ លុះដល់ព្រឹកថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ ប្រជាពលរដ្ឋជាច្រើនគ្រួសារ បានផ្ទុះការតវ៉ា ដោយដុតកង់ឡាន នៅមុខស្នាក់ការអង្គការសម្ព័ន្ធមិត្តសត្វព្រៃ ដែលមានទីតាំង ស្ថិតនៅក្នុងឃុំត្រពាំងរូង ស្រុកកោះកុង។

បើតាមប្រជាពលរដ្ឋបានឲ្យដឹងថា ពួកគាត់មកប្រមូលផ្តុំគ្នាធ្វើការតវ៉ានេះ ដើម្បីទាមទាឲ្យក្រុមមន្រ្តីអង្គការសម្ព័ន្ធមិត្តសត្វព្រៃចេញមកបកស្រាយនិងបញ្ជាក់ពីមូលហេតុ ដែលអង្គការនេះបានដឹកនាំកម្លាំងទៅកាប់បំផ្លាញផលដំណាំរបស់ពួកគាត់ នៅលើដីដែលក្រុមយុវជនសម្តេចតេជោ ហ៊ុន សែន ចុះវាស់វែងឲ្យកាន់កាប់កាលពីពេលកន្លងទៅ។ នៅចំពោះមុខ នៃការតវ៉ាទាមទាររបស់ពួកគាត់ គឺពុំមានខាងក្រុមមន្រ្តីអង្គការណាម្នាក់ ចេញមកបកស្រាយនិងបញ្ជាក់ពីមូលហេតុទេ។

ជាមួយគ្នានេះលោក សុខ សុទ្ធី អភិបាលរងខេត្តកោះកុងរួមនិងមន្រ្តីអ្នកមុខអ្នកការជាច្រើនរូបទៀត បានចុះទៅសម្របសម្រួល ដោយស្នើរសុំឲ្យបងប្អូនប្រជាពលរដ្ឋរក្សាភាពស្ងៀមស្ងាត់ កុំប្រើអំពើហឹង្សា ទុកពេលឲ្យលោកនិងក្រុមការងាររកដំណោះស្រាយទៅតាមផ្លូវច្បាប់ ៕