ស្ថានទូតសហរដ្ឋអាមេរិក ផ្ដល់ថវិកា២០ម៉ឺនដុល្លារ ដើម្បីជួយជួសជុលជណ្តើរបុរាណ ផ្នែកខាងជើងរបស់ប្រាសាទព្រះវិហារ ដែលកំពុងមានសភាពទ្រុឌទ្រោម ឱ្យមានភាពប្រសើរឡើងវិញ..
-

ភ្នំពេញៈ នៅរសៀលថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០១៨ ស្ថានទូតសហរដ្ឋអាមេរិកភ្នំពេញ និងក្រសួងវប្បធម៌ វិចិត្រសិល្បៈ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងគ្នា និងផ្ដល់ថវិកា២០ម៉ឺនដុល្លារ សហរដ្ឋអាមេរិក ដើម្បីជួយជួសជុលជណ្តើរបុរាណផ្នែកខាងជើងរបស់ប្រាសាទព្រះវិហារ ដែលកំពុងមានសភាពទ្រុឌទ្រោមឱ្យមានភាពប្រសើរឡើងវិញ។ គម្រោងនេះនឹងត្រូវបានអនុវត្ត ដោយមន្ត្រីជំនាញអាជ្ញាធរជាតិព្រះវិហារ និងមានការចូលរួមពីអ្នកជំនាញការជាតិ និងអន្តរជាតិនៅក្នុងដំណាក់កាលទី១ រហូតដល់ថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៩ ។

ឯកឧត្តម វីលៀម ហៃ ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំកម្ពុជា មានប្រសាសន៍ថា កិច្ចព្រមព្រៀងដែលចុះហត្ថលេខា នាពេលនេះ មាន ចំនួន២ ដោយផ្តោតកិច្ចសហប្រតិបត្តិការផ្នែកវប្បធម៌នៅប្រទេសកម្ពុជា ក្នុងនោះទាក់ទងនឹង «ការដាក់កម្រិតហាមប្រាមនូវការនាំចូលប្រភេទវត្ថុបុរាណរបស់ប្រទេសកម្ពុជា» សម្រាប់រយៈពេល៥ឆ្នាំ ២០១៨-២០២៣ និងការផ្តល់ថវិកាពីមូលនិធិឯកអគ្គរដ្ឋទូត សម្រាប់ការអភិរក្សវប្បធម៌ ឆ្នាំ២០១៨ ដែលបានយល់ព្រមហើយ រវាងក្រសួងការបរទេសសហរដ្ឋអាមេរិក តាមរយៈស្ថានទូតអាមេរិកនៅភ្នំពេញ ដែលមានទឹកប្រាក់ចំនួន២០ម៉ឺនដុល្លារ សម្រាប់ការអភិរក្សជណ្តើរបុរាណផ្នែកខាងជើងរបស់ប្រាសាទព្រះវិហារ ដែលត្រូវបានសង់តាំងពីសតវត្សទី១១។

លោកជំទាវ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ មានប្រសាសន៍ថា ការជួយជ្រោមជ្រែងនេះ បង្ហាញឱ្យឃើញពីការប្តេជ្ញា និងការខិតខំ ដើម្បីសហការគាំទ្រថែរក្សាបេតិកភណ្ឌវប្បធម៌ខ្មែរ សម្រាប់ប្រយោជន៍ដល់ប្រជាជនខ្មែរ សហគមន៍អន្តរជាតិ និងសម្រាប់អ្នកជំនាន់ក្រោយ។

សូមបញ្ជាក់ថា ជណ្តើរបុរាណខាងជើង ជាជណ្តើរមួយយ៉ាងសំខាន់ក្នុងចំណោមជណ្តើរ និងផ្លូវដើរដែលបានតភ្ជាប់មកខ្លោងទ្វារគោបុរៈទី៥ នៃប្រាសាទព្រះវិហារ ។ កាលពីសម័យអង្គរចន្លោះសតវត្សរ៍ទី៩ និងទី១២ ជណ្តើរនេះប្រហែលជាមានតួនាទីសំខាន់ទាក់ទងទៅនឹងជំនឿសាសនាហិណ្ឌូ និងបម្រើដល់សហគមន៍ខ្មែរបុរាណរស់នៅភាគខាងជើងក្នុងការមកគោរពប្រតិបត្តិសាសនាខាងលើ។

ជណ្ដើរបុរាណខាងជើងសណ្ដូកពីត្បូងទៅជើងស្របតាមអ័ក្សប្រាសាទតភ្ជាប់ពីស្ពានហាលដែលមានបង្កាន់ដៃនាគស្ថិតនៅពីមុខខ្លោងទ្វារគោបុរៈទី៥ ផ្នែកខាងជើងមានរយៈកំពស់ធៀបនឹងផ្ទៃទឹកសមុទ្រចន្លោះពី៥៦៩ម៉ែត្រនិង៥៣០ម៉ែត្រ។ ជណ្ដើរនេះឋិតនៅលើល្បាក់ភ្នំដែលមានជម្រាលពីលើទៅក្រោម៣៩ម៉ែត្រមានបណ្ដោយប្រវែង១១០ម៉ែត្រ និងទទឹងមានទំហំចាប់ពី៩ម៉ែត្រទៅ១១ម៉ែត្រ ៕