ស្គាល់មុខ ស្គាល់មាត់ តែមិនស្គាល់ចិត្ត...ហេតុតែស្គាល់គ្នា ទើបសម្រេចចិត្តឲ្យខ្ចីម៉ូតូ ទីបំផុតជនសង្ស័យបានយកម៉ូតូទៅបញ្ចាំបាត់
-

កណ្ដាល ៖ នៅថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅភូមិព្រែកសំរោង២ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល  លោក ទី សំណាង ចៅក្រមស៊ើបសួរសាលាដំបូងខេត្តកណ្តាល បានសម្រេចចេញដីការឃុំខ្លួនជនសង្សយ័ជាសន្តិសុខក្រុមហ៊ុនឯកម្នាក់ ដែលបានខ្ចីម៉ូតូពីកម្មកររោងចក្រយកទៅបញ្ចាំនៅឃ្លាំងរំសេវចំនួន៥០០ដុល្លារ ដាក់ពន្ធនាគារបណ្តោះអាសន្នពីបទ«រំលោភលើទំនុកចិត្ត» ។ 


លោក  ទី សំណាង ចៅក្រមស៊ើបសួរសាលាដំបូងខេត្តកណ្តាល បានប្រាប់ឲ្យដឹងថា ជនសង្ស័យត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី៣ទៅ៦ឆ្នាំ និងពិន័យជាប្រាក់១.០០០.០០០រៀល ទៅ៦.០០០.០០០រៀល ។


ជនសង្ស័យមានឈ្មោះថា យ៉ាន់ កុសល្យ ហៅនិត ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរសន្តិសុក្រុមហ៊ុនបច្ចុប្បន្នស្នាក់នៅក្នុងភូមិព្រែកសំរោង២ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល។


ចំណែកជនរងគ្រោះមានឈ្មោះថា ងឿម បុប្ផា ភេទស្រី អាយុ១៧ឆ្នាំ មុខរបរកម្មការិនីក្រុមហ៊ុន មានទីលំភូមិព្រែកសំរោង៣ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល ។ ដោយឡែកទ្រព្យសម្បត្ដិបាត់បង់មានម៉ូតូ១គ្រឿងម៉ាកហុងដាឌ្រីម សេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១១ ពាក់ផ្លាកលេខ ភ្នំពេញ 1AW-4140 ។


បើតាមសម្តីជនរងគ្រោះបានប្រាប់ឲ្យដឹងថា នារីរងគ្រោះជាមួយនិងជនសង្ស័យធ្លាប់ស្គាល់គ្នាមុន រហូតដល់ថ្ងៃកើតហេតុជនសង្ស័យខាងលើ បានខ្ចីម៉ូតូនារីរងគ្រោះថា ទៅយកឥវ៉ាន់នៅរាជធានីភ្នំពេញ រីឯនារីរងគ្រោះក៏យល់ព្រមឲ្យជនសង្ស័យខ្ចីម៉ូតូដែរ ។ បន្ទាប់ពីខ្ចីម៉ូតូបានភ្លាម ជនសង្ស័យជិះម៉ូតូបាត់តែម្តង។


បន្ទាប់ពីបាត់ជាច្រើនថ្ងៃ នារីរងគ្រោះក៏សម្រេចចិត្តដាក់ពាក្យបណ្តឹងជនសង្ស័យ។ នៅមុខសមត្ថកិច្ចជនសង្ស័យបានសារភាពថា ខ្លួនពិតជាបានខ្ចីម៉ូតូជនរងគ្រោះពិតប្រាកដមែន។


គួរបញ្ជាក់ផងដែរថា នៅក្នុងករណីខាងលើនេះ បានកើតឡើងកាលពីថ្ងៃទី០៥ ខែវិចិ្ឆកា ឆ្នាំ២០១៨ ដោយជនសង្ស័យបានមកខ្ចីម៉ូតូជនរងគ្រោះ ហើយក៏ទៅបាត់តែម្តង៕




ដោយ៖ ភត្ត្រា