ល្បីថ្មី!...សូមអាណាព្យាបាល ទាំងអស់គួរប្រុងប្រយ័ត្នចំពោះកូនស្រី ប្រុស ដែលមានពាក់គ្រឿងអលង្កា និងសម្ភារៈមានតម្លៃ ព្រោះមានជនខិលខូចបានប្រើស្ទាយថ្មី​​ បោកបញ្ឆោតក្មេងស្រីយកគ្រឿងអលង្កាជាបន្តបន្ទាប់
-

ខេត្តកណ្តាល៖​ កាលពីថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០១៨ សមត្ថកិច្ចនគរបាលស្រុកអង្គស្នួល បានចុះឃាត់ខ្លួនជនសង្ស័យម្នាក់ ដែលជាមុខសញ្ញា  ប្រើល្បិចឆបោកក្មេងសិស្សសាលា ខណៈដែលពួកគេចេញពីសាលា ដើម្បីដោះយកគ្រឿងអលង្កា និងសម្ភារៈមានតម្លៃផ្សេងៗជាច្រើនទៀត នៅចំណុច ភូមិប្របវត្ត ឃុំព្រៃពួច ស្រុកអង្គស្នួល ខេត្តកណ្តាល។


សមត្ថកិច្ចបានប្រាប់ឲ្យបានដឹងថា ក្មេងស្រីដែលបានចេញបោកជនសង្ស័យរូបនោះមាន

ទី១. ឈ្មោះ វ៉ាន នីកា អាយុ១១ឆ្នាំ មុខរបរសិស្សថ្នាក់ទី៥ រស់នៅភូមិទន្លាប ឃុំព្រៃពួច ស្រុកអង្គស្នួល ខេត្តកណ្តាល (យកមិនបាន) ។ 

ទី២. ឈ្មោះ ទិល ពិសី អាយុ១០ឆ្នាំ មុខរបរសិស្សថ្នាក់ទី៥ នៅភូមិក្រាំងលាវ ឃុំព្រៃពួច ស្រុកអង្គស្នួល ខេត្តកណ្តាល (ខ្សែកប្លាទីន៣ជី និងចិញ្ចៀន១ជី)។

ទី៣. ឈ្មោះ ស្រ៊ុន ស៊ីនតី អាយុ១០ឆ្នាំ មុខរបរសិស្សថ្នាក់ទី៥ រស់នៅភូមិចំការជោ ឃុំពើក ស្រុកអង្គស្នួលខេត្តកណ្តាល (កងដៃប្លាទីនទិញតម្លៃ១០០ដុល្លារ)

ទី៤. ឈ្មោះ លី ស្រីវី អាយុ៨ឆ្នាំ មុខរបរសិស្សថ្នាក់ទី៣ នៅភូមិគុម្ពោតស្បូវ ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល(ខ្សែក ប្លាទីន១ខ្សែ តម្លៃ១០០ដុល្លារអាមេរិក)។ 


ចំណែកជនសង្ស័យមានឈ្មោះ ខឹម រ៉េង ភេទប្រុស អាយុ៣១ឆ្នាំ មុខរបរមិនពិតប្រាកដស្នាក់ នៅផ្ទះជួលម្តុំកាណាស៊ីធី រាជធានីភ្នំពេញ។


សមត្ថកិច្ចបានឲ្យដឹងទៀតថា សម្ភារៈដែលដកហូតបានរួមមាន ម៉ូតូម៉ាក ZOOMER -X ១គ្រឿង ពណ៌ក្រហម លាយស ពាក់ស្លាកលេខ កំពង់ស្ពឺ ១L-៨៤២០ ខ្សែកកាឡៃ១ខ្សែ និងផ្លាកដៃកាឡៃ១វង់។ សម្ភារបាត់បង់មាន១.ខ្សែកប្លាទីនទម្ងន់៣ជី ២.ចិញ្ចៀនប្លាទីន១ជី ៣.ខ្សែកប្លាទីន១ខ្សែ តម្លៃ១០០ដុល្លារអាមេរិក និង៤.កងដៃប្លាទីន១វង់។


ជនសង្ស័យបានប្រាប់ថា ខ្លួនបានប្រើល្បិច ធ្វើជាម៉ូតូខូចប្រាំងនៅតាមផ្លូវ ស្របពេលដែលក្មេងដល់ម៉ោងចេញពីសាលា បន្ទាប់ជនសង្ស័យបានហៅក្មេងៗរងគ្រោះសួរនាំ ព្រមទាំងបានប្រាប់ថាខ្លួនជាជាងមាស និងជាងប្លាកទីន​​ ហើយនិយាយជាមួយម្តាយក្មេងស្រីរួចហើយ ឲ្យយកខ្សែកពីកូនទៅប្តូរ។ ដោយការប៉ិនប្រសព្វប្រើល្បិចលួងលោម ទើបធ្វើឲ្យកុមារី៤នាក់ដែលជាជនរងគ្រោះ និងជាសិស្សសាលាព្រមដោះខ្សែក និងកងដៃឲ្យទៅជនសង្ស័យនោះ។


ជនសង្ស័យបានសារភាពថា គេពិតជាបានប្រើល្បិចបោកបញ្ឆោតលួងលោម ដោះយកខ្សែក និងកងដៃពីកុមារីរងគ្រោះ ជាសិស្សសាលានោះមែន ជាក់ស្តែងកាលវេលាម៉ោង១១ និង២០នាទីព្រឹក ថ្ងៃទី៧ វិច្ឆិកា គេបាននិងកំពុងធ្វើសកម្មភាពទៅលើកុមារីរងគ្រោះ ក៏ស្រាប់តែកម្លាំងសមត្ថកិច្ចនគរបាលល្បាតតាមដងផ្លូវ ប្រទះឃើញឃាត់ខ្លួនតែម្តងទៅ។ 


កាលពីថ្ងៃទី២ វិច្ឆិកា ២០១៨ វេលាម៉ោង១១ និង៣០នាទីព្រឹក គេបានលួងលោមដោះយកខ្សែក និងចិញ្ចៀនប្លាទីន ពីសិស្សសាលា១លើក។ នៅវេលាម៉ោង៥ និង៣០នាទីល្ងាចថ្ងៃទី៥ វិច្ឆិកា លួងលោមដោះយកកងដៃប្លាទីន១វង់ ១លើក និងកាលពីថ្ងៃទី២០ សីហា ២០១៨ វេលាម៉ោង១២ និង៣០នាទី ថ្ងៃត្រង់ រូបគេបានប្រើល្បិចដោះយកខ្សែក១ខ្សែ ពីកុមារីសិស្សសាលាបាន១លើកទៀត។ ជនសង្ស័យត្រូវបានសមត្ថកិច្ចកសាងសំណុំរឿង បញ្ជូនទៅកាន់សាលាដំបូងខេត្តតាមនីតិវិធី៕


ដោយ៖ ភត្ត្រា