កាលពីសប្តាហ៍មុន មានហេតុកាណ៏ដ៏រន្ធត់មួយ នៃការធ្លាក់យន្តហោះ Lion Air 737 បានឆក់យកជីវិតមនុស្ស ១៨៩នាក់ ក្រោយពីការហោះហើរបាន១៣នាទី និងធ្លាក់ចូលទៅក្នុងសមុទ្រ។ រហូតមកដល់ពេលនេះ សាកសពជនរងគ្រោះនៅមិនទាន់រកឃើញអត់នោះទេ។ ស្រាប់តែកាលពីយប់មិញនេះ ថ្ងៃទី៧ ខែវិច្ឆិកា ខណៈដែលមានអ្នកដំណើរសរុប ១៤៣នាក់ ស្ថិតក្នុងការហោះហើរទៅកាន់រដ្ឋធានីហ្សាកាតា។ មានហេតុការណ៏ដ៏រន្ធត់មួយទៀត កើតឡើងដោយ យន្តហោះរបស់ក្រុមហ៊ុនអាកាសចរណ៍ Lion Air មួយគ្រឿងទៀតហើយ ជាមួយនឹងជើងហោះហើរ JT 633 បានជួបនឹងឧប្បត្តិហេតុ បើកបុកបង្គោលភ្លើង ក្នុងព្រលានយន្តហោះ Fatmawati ក្នុងទីក្រុង Bengkulu ។ ហេតុការណ៍នេះ បានបណ្តាលឲ្យស្លាបខាងឆ្វេងយន្តហោះ ដាច់បាក់បែក ព្រមទាំងបានបណ្តាលឲ្យ ជើងហោះហើរធ្វើការពន្យារពេលផងដែរ។

បញ្ជាក់ប្រាប់ទៅកាន់ភ្នាក់ងារសារព័ត៌មាន ក្រុមហ៊ុន Lion Air បានឲ្យដឹងថា យន្តហោះមួយគ្រឿងផ្សេងទៀត ត្រូវបានបញ្ជូនទៅ ដើម្បីដឹកជំនួស ក្រុមអ្នកធ្វើដំណើរចំនួន១៤៣នាក់ នៃជើងហោះហើរ JT 633 របស់ក្រុមហ៊ុន Lion Air ឆ្ពោះទៅកាន់ទីក្រុង Jakarta។ ក្រុមហ៊ុនអាកាសចរណ៍ Lion Air គួរតែគិតពិចារណាល្អិតល្អន់ ចំពោះពាក្យស្លោករបស់ខ្លួន « យើងធ្វើឱ្យមនុស្សហោះ » ដែលវាហាក់មិនដូចទៅនឹងអ្វីដែលពួកគេកំពុងធ្វើ ៕


