ប៉ោយប៉ែតៈ អ្នកស្រុកក៏ដូចជាអ្នកធ្វើដំណើរឆ្លងកាត់ផ្លូវលំ និងផ្លូវបេតុងមួយចំនួន មានការត្អួញត្អែរអំពីបញ្ហាសំរាម ដែលបង្កផលប៉ះពាល់ដល់បរិស្ថាន ប៉ះពាល់សុខភាព ជះក្លិនស្អុយអសោចិ៍ ដោយសំណល់ទាំងនោះ ពលរដ្ឋនៅតាមបណ្ដាភូមិមួយចំនួន បានយកមកបោះចោល គ្មានការវេចខ្ចប់ឲ្យបានត្រឹមត្រូវ និងរក្សាទុកឲ្យក្រុមហ៊ុនប្រមូលសំរាមមកយក ដើម្បីកាត់បន្ថយបរិស្ថាន និងថែរក្សាសុខភាពនោះទេ។

ក្នុងនោះដែលពួកគាត់ប្រាប់ថា សំរាមគឺជា សំណល់ផ្នែកមួយធ្វើឲ្យប៉ះ ពាល់ដល់ប្រព័ន្ធលូ បង្កជន់លិចធ្វើឲ្យខាតបង់ទ្រព្យសម្បត្តិ ខូចខាតហេដ្ឋារចនាសម្ព័ន្ធ ដែលពលរដ្ឋយកមកចោលតាមបណ្ដាផ្លូវលំ និងផ្លូវបេតុងនៅក្នុងក្រុងប៉ោយប៉ែត និងខេត្តបន្ទាយមានជ័យ គឺមកពីក្រុមហ៊ុនប្រមូលសំរាមក្រុងប៉ោយប៉ែត មិនមានធុងសំរាម ដាក់តាមផ្ទះ ឬមិនមានរថយន្តប្រមូលសំរាមច្រើន ដើម្បីមកយកនៅតាមខ្នងផ្ទះរបស់ពួកគាត់ ទើបពួកគាត់នាំគ្នាយកសំណល់ទាំងនោះ មកចោលតាមផ្លូវលំ និងផ្លូវបេតុងឬដីឡូត៍ទំនេរ ម្យ៉ាងទៀតក្រុមហ៊ុនប្រមូលសំរាម ដើរប្រមូលនៅតែតាមក្បែរក្រុងប៉ោយប៉ែត មិនទាន់ផង។

ករណីខាងលើនេះ លោក សាន ស៊ានហូ អភិបាលក្រុងប៉ោយប៉ែត ក៏បានរិះគនទៅ និងក្រុមហ៊ុនប្រមូលសំរាមផងដែរ ដោយលោកបញ្ជាក់ថា ប្រជាជនប៉ោយប៉ែត មិនសប្បាយចិត្ត គឺបញ្ហាសំរាមនេះ ក្រោយពីយើងមានផ្លូវផ្នល់ ផ្ទះសំបែងល្អហើយ បើសិនជាសំរាម ព្រលឹមឡើង កន្លះខែ ឬមួយខែ មិនមកយកវាស្អុយ ពួកគាត់មិនសប្បាយចិត្តឡើយ ៕

