ប្រជាពលរដ្ឋខ្មែរទូទៅមានការងឿងឆ្ងល់យ៉ាងខ្លាំងចំពោះជនជាតិអាមេរិកមួយគ្រួសារ ដែលសុខចិត្តលះបង់ទ្រព្យសម្បត្តិ និង សេចក្តីសុខផ្ទាល់ខ្លួន ចាកចេញពីប្រទេសកំណើត នាំគ្នាមករស់នៅក្នុងព្រៃយ៉ាងជ្រៅ នៅតំបន់ភ្នំត្នោត ក្នុងស្រុកសង្គមថ្មី ខេត្តព្រះវិហារ ដោយពួកគេបានលើកជាសំណួរថា តើក្រុមគ្រួសារជនជាតិអាមេរិក មួយគ្រួសារនេះមករស់នៅយ៉ាងវេទនាក្នុងព្រៃ ប្រទេសកម្ពុជាក្នុងគោលបំណងអ្វីដែរ ? ។

លោក តាន់ គីមសួរ បានសរសេរ នៅលើទំព័រហ្វេសប៊ុករបស់លោកថា តាំងពីកើតមកដល់ឥឡូវនេះ ខ្ញុំមិនដែលឃើញមនុស្សដែលឆោតល្ងង់ និង អាត្មានិយមដូចលោកទេ បេន ដែលលោកសុខចិត្តចាកឆ្ងាយពីប្រទេសមួយ ដែលសម្បូរសប្បាយមករស់នៅក្នុងព្រៃជ្រៅ ហើយនឹងអាចប្រឈមមុខនឹងគ្រោះថ្នាក់ដល់អាយុជិវិតគ្រប់ពេលវេលា (អ្នកការពារព្រៃឈើមួយចំនួនត្រូវបានលួចធ្វើឃាត)

មិនត្រឹមតែប៉ុណ្ណោះ លោកបាននាំទាំងមនុស្សស្រីម្នាក់ ដែលស្រឡាញ់លោកស្មើជិវិត និងក្មេងស្រីដ៏គួរឱ្យស្រឡាញ់ពីរនាក់ ទៅរស់នៅយ៉ាងវេទនា ហើយមានការភិតភ័យ និងព្រួយបារម្ភគ្រប់វិនាទី អំពីសុវត្តិភាពរបស់ប្តី និងឪពុក លោកពិតជាមនុស្សដែលអាត្មានិយមខ្លាំងណាស់ បើខ្ញុំជាប្រពន្ធលោកវិញ ខ្ញុំមិនអាចទ្រាំរស់នៅជាមួយលោកបែបនេះបានទេ។ ដើម្បីការពារព្រៃឈើខ្មែរ លោកលះបង់គ្រប់បែបយ៉ាង សូម្បីតែក្តីសុខផ្ទាល់ខ្លួន ទ្រព្យសម្បត្តិ ដែលលោកមានទាំងអស់ លក់ខ្ទេច លក់ខ្ទី ដើម្បីយកមកចំណាយលើការថែរក្សា និងអភិរក្សព្រៃឈើនៅកម្ពុជា។

ឥឡូវនេះដល់ចំណុចមួយ ដែលលោកជួបនឹងវិបត្តិហិរញ្ញវត្ថុ មួយឆ្នាំលោកត្រូវចំណាយជាមធ្យមចំនួន ៣៣០០០ដុល្លារអាមេរិក ចាំមើលលោកនឹងបន្តយ៉ាងម៉េចទៀត ចាំមើលមានខ្មែរណាចេញមុខមកជួយលោក។ សមមុខលោកហើយមនុស្សអាត្មានិយម!!! ឈប់បន្តទៀតទៅ នាំប្រពន្ធកូនទៅរស់នៅស្រុកលោកវិញទៅ គ្មានខ្មែរណាឃើញពីតម្លៃ នៃការលះបង់របស់លោកទេ ឈប់ឆោតល្ងង់ទៀតទៅ បេន!!!

ទោះជាយ៉ាងណា នៅពេលជួបជាមួយអ្នកយកព័ត៌មានរបស់យើងនាពេលកន្លងមក លោក BeTreed Adventures បាននិយាយថា លោកមានការសប្បាយចិត្ត និងពេញចិត្តបំផុត ដែលលោកបានមករស់នៅក្នុង ប្រទេសកម្ពុជាជា ពិសេសបានចូលរួមចំណែកថែរក្សា អភិរក្សព្រៃឈើ និងសត្វព្រៃដ៏មានតម្លៃ ក្នុងប្រទេសកម្ពុជា ៕
