លោកស្រី​ លី​ អ៊ុអេង ត្រូវបានតុលាការសំរេចឃុំខ្លួនហើយ កាលពីរសៀលថ្ងៃម្សិលមិញ ក្នុងករណី ចេញសែក​ស្អុយ​ជាង​៣លានដុល្លារ​
-

ភ្នំពេញ​៖ លោក​ម៉ុង មុនី​សោភា​ ​ចៅក្រម​ស៊ើបសួរ​ សាលាដំបូង​រាជធានី​ភ្នំពេញ ​បានចេញ​ដីកាឃុំខ្លួន​លោក​ស្រី លី អ៊ុអេង​ ដាក់ពន្ធនាគារបណ្តោះអាសន្នករណី​ចាយសែក​ គ្មានសាច់​ប្រាក់​ ជាង​៣លានដុល្លារ​អាមេរិក កាលពីថ្ងៃទី​៩​ ខែវិច្ឆិកា​ ឆ្នាំ​២០១៨​។


លោក​ស្រី​ លី អ៊ុអេង​ នាយិកា​ក្រុមហ៊ុន ​លី​អ៊ុអេង​លី​មី​ធី​ត ត្រូវបាន​សមត្ថកិច្ច​ចាប់ខ្លួន កាលពី​ថ្ងៃទី​៨ ខែវិច្ឆិកា ឆ្នាំ​២០១៨​ នៅ​ទឹកដី​ខេត្តសៀមរាប​តាម​ដីកា​របស់​សាលាដំបូង​ខេត្តសៀមរាប ពាក់ព័ន្ធ​នឹង​ការចេញ​សែក​ អត់​សាច់ប្រាក់​ ចំនួន​ជាង​៣​លាន​ដុល្លារ​អាមេរិក​។​


សូម​បញ្ជាក់​ថា លោក ងួន ណា​រ៉ា ប្រធាន​សាលាដំបូង​ខេត្តសៀមរាប និង​ជា​ចៅក្រម​ស៊ើបសួរ​បានចេញ​ដីកា​បង្គាប់​ឱ្យ​ចាប់ខ្លួន​លោក​ស្រី​ លី អ៊ុអេង​ កាលពី​ថ្ងៃទី​២៦ ខែតុលា ឆ្នាំ​២០១៨ ក្រោម​ការចោទប្រកាន់​ពីបទ “មិន​បំពេញ​កាតព្វកិច្ច​ចំពោះ​ឧបករណ៍​ដែល​អាច​ជួញដូរ​បាន​” ប្រព្រឹត្ត​នៅ​ក្រុង​សៀមរាប ខេត្តសៀមរាប កាលពី​ថ្ងៃទី​២៥ ខែឧសភា ឆ្នាំ​២០១៨​។​


​ក្រៅពី​សំណុំ​រឿងនេះ នៅមាន​ប្រជាពលរដ្ឋ ​ចំនួន​៨​គ្រួសារ បាន​ចោទ​លោកស្រី​ លី អ៊ុអេង​ ថា​រំលោភ​យក​ដី​របស់​ ពួកគាត់​ប្រមាណ​ជាង ១០​ហិកតា នៅ​ភូមិ​ចុង​កៅស៊ូ សង្កាត់​ស្លក្រាម ក្រុង និង​ខេត្តសៀមរាប​។


បើតាម​ដីកា​តុលាការ​ ,​ មុនពេល​ចាប់ខ្លួន​នេះ​គឺ​លោកស្រី​ លី អ៊ុអេង​ បានគេច​ខ្លួន​មិន​ទទួលខុសត្រូវ នៅពេលដែល​សមត្ថកិច្ច​បាន​ទៅដល់​គេហដ្ឋាន​របស់លោក​ស្រី​៕


ដោយ៖ ភត្រ្តា