ភ្នំពេញៈ កាលពីថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៨ ស្ថិតក្នុងខណ្ឌសែនសុខ រាជធានីភ្នំពេញ។ កម្លាំងនគរបាលការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានចុះបង្ក្រាបទីតាំងមួយកន្លែង ដែលពាក់ព័ន្ធករណីស៊ីឈ្នួលពពោះជំនួស ដោយឃាត់ខ្លួនបានមនុស្ស១៥នាក់។

លោក ទូច សារ៉េន នាយរងការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន បានប្រាប់ឲ្យដឹងថា នៅរសៀលថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៨ នេះថា ក្នុងប្រតិបត្តិការឃាត់ខ្លួនមនុស្ស១៥នាក់ ដែលពាក់ព័ន្ធការរកស៊ីពពោះជំនួសនេះ មានប្រុស២នាក់ និងស្រី១៣នាក់។ ក្នុងចំណោមមនុស្សស្រីទាំង១៣នាក់នោះ មានមនុស្ស១១នាក់ កំពុងតែមានផ្ទៃពោះ ដែលជាអ្នករកស៊ីពពោះជំនួសផ្ទាល់តែម្ដង ហើយ២នាក់ផ្សេងទៀត ជាចុងភៅ។

ដោយឡែក សម្រាប់ការពពោះនេះ ហើយត្រូវលក់បន្ដទៅឲ្យជនបរទេស ឬជនណានោះលោក ទូច សារ៉េន មិនទាន់បានបញ្ជាក់នៅឡើយទេ ព្រោះលោកថា មនុស្សទាំងអស់កំពុងតែស្ថិតក្រោម ការសួរនាំរបស់សមត្ថកិច្ចជំនាញ ដើម្បីកសាងសំណុំរឿងចាត់វិធានការតាមផ្លូវច្បាប់ ៕





