ដំណឹងសម្រាប់ ឪពុកម្ដាយ គ្រប់រូបគួរប្រុងប្រយ័ត្ន!!! ថ្ងៃនេះសូមជូនដំណឹង ទាក់ទងនឹងជំងឺដែលកូនប្រុសរបស់ខ្ញុំ កំពុងតែព្យាបាល នេះមិនមែនជាស្នាមខ្នៅឬដៅទេ គឺជាជំងឺម្យ៉ាងដែលពាក់ព័ន្ធទៅនិងសរសៃឈាមបេះដូងក្មេង ដូចច្នេះគួរប្រុងប្រយ័ត្ន....!!!
-

ដំណឹងសម្រាប់អ្នកម៉ាក់និងលោកប៉ា ថ្ងៃនេះសូមជូនដំណឹងទាក់ទង នឹងជំងឺដែលកូនប្រុសរបស់ខ្ញុំ កំពុងតែព្យាបាល និងមានការណែនាំពីខាងក្រុមគ្រូពេទ្យមន្ទីរពេទ្យគន្ធបុប្ផា ដូចដែលអ្នកទាំងអស់គ្នា បានឃើញរូបដែលខ្ញុំបានបង្ហោះនេះហើយ វាបានកើតនៅលើខ្លួនកូនប្រុសរបស់ខ្ញុំ តាំងពីចាប់កំណើតមកហើយ ពេលដំបូងខ្ញុំគិតថាវាជាស្នាមខ្នៅ ឬដៅ ដែលចាស់ៗជំនាន់យាយខ្ញុំគាត់ថា មកពីម្តាយគាត់មុនស្រលាញ់កូន ទើបដៅស្នាមនេះលើខ្លួនកូន ដើម្បីស្រួលចំណាំថា ជាកូនខ្លួនជាតិមុន។ 

ប៉ុន្តែតាមដែលខ្ញុំដឹងស្នាមខ្នៅឬដៅ វាមានលក្ខណៈដូចសាច់របស់យើង ប្រលាក់ពណ៏ថ្នាំក្រហមឬខៀវក្រម៉ៅចឹងទៅ តែប្លែកតែស្នាមលើពោះកូនខ្ញុំនេះ មិនមែនចឹងទេ វាមានលក្ខណៈដូចដុះសាច់ ឬប្រជ្រុយចឹង ទើបខ្ញុំឆ្ងល់និងចម្លែកចិត្ត ហើយពេលនៅតូចវាតូចដែរទេតែពេលកូនខ្ញុំកាន់តែធំវារីកតាមដែរ។ ខ្ញុំចាប់ផ្តើមភ័យព្រោះវាចម្លែកពេក មិនដែលប្រទះ ឬធ្លាប់លឺទេពីមុនមក បន្ទាប់មកមានខាងពេទ្យដែល គាត់បើកឧសថស្ថាននៅជិតផ្ទះខ្ញុំ គាត់បានឃើញនិងបានជួយពិនិត្យមើលស្នាមនោះ រួចគាត់ក៏ប្រាប់ថាវាជាជំងឺម៉្យាងដែលកម្រជួបដែរ ក្មេង១០នាក់ជួបតែ២ ឬ៣នាក់ទេយ៉ាងច្រើន ហើយជំងឺនេះត្រូវព្យាបាល និងតាមដានអោយទាន់ពេល ព្រោះវាជាជំងឺដែលពាក់ព័ន្ធជាមួយនឹងសរសៃឈាម ក្មេងពេលដែលចាប់ករកើតក្នុងផ្ទៃម្តាយបាន៣.៤ខែ ហើយសរសៃឈាមនឹងវាបានករកើតក្រៅសាច់របស់ក្មេង ដូចដែលយើងដឹងហើយថា សរសៃឈាមវាត្រូវរត់ពេញរាងកាយរបស់យើង ទៅដល់បេះដូង ចឹងសរសៃឈាមនេះ វានៅក្រៅសាច់ វាអាចប៉ះពាល់ដល់បេះដូងរបស់ក្មេង ជាយថាហេតុបានដោយសារមានសរសៃឈាមនេះ កកនៅក្រៅសាច់។ 

គាត់ក៏បានផ្តល់យោបល់អោយទៅពិភាក្សាជាមួយនឹងមន្ទីរពេទ្យកុមារដើម្បីព្យាបាលដុំនេះ។ បន្ទាប់មកកូនញុំបានប្រហែលជា៤ ៥ខែ ញុំយកទៅមន្ទីរពេទ្យគន្ធបុផ្ផា ទៅបើកថ្នាំផ្តាសាយហើយ ក៏បានសួរលោកគ្រូពេទ្យនៅទីនោះពីដុំនេះដែរ គាត់មានប្រសាសន៏ថា ត្រូវមកព្យាបាលអោយទាន់ពេល កុំទុកយូរព្រោះវាប៉ះពាល់ដល់បេះដូងកូន តែចៃដន្យថ្ងៃនោះ ចំថ្ងៃសៅរ៏មិនមានពេទ្យធ្វើការទេ ដូចនេះគាត់ថាចាំថ្ងៃច័ន្ទ ដល់ថ្ងៃសុក្រមកមកទើបមានពេទ្យធ្វើការ ខ្ញុំក៏មកផ្ទះវិញហើយចេះតែទុកទៀតមកដល់ម្សិលម្ងៃនេះ កូនខ្ញុំចូលក្បាល៧ខែ ខ្ញុំក៏ត្រលប់ទៅជួបពេទ្យពីរឿងនឹងវិញ គាត់ក៏សួរថាហេតុអីក៏ទុកមកដល់ពេលនេះ ចង់ហួសពេលហើយអ្នកម្តាយខ្ញុំ ក៏ចាប់ផ្តើមភ័យខ្លួនរួចគាត់ក៏ប្រាប់ថា ព្យាបាលត្រូវគេងនៅពេទ្យ១ឬ២យប់ដើម្បីតាមដាន។ 

ជំហានដំបូងខាងគ្រូពេទ្យគាត់យកកូនប្រុសរបស់ខ្ញុំ ទៅអេកូបេះដូងសិន ដើម្បីចង់ដឹងថាតើបេះដូងកូនរបស់ខ្ញុំមានបញ្ហាត្រង់សរសៃឈាមណាមួយដែរឬទេ ហើយតើបេះដូងកូនរបស់ខ្ញុំមានលោតយឺតឬញាប់ខុសពីធម្មតាដែរឬទេ បន្ទាប់ពីពិនិត្យរួចរាល់ពេលល្ងាចគាត់ក៏អោយថ្នាំញាំដើម្បីព្យាបាល ថ្នាំនេះអាចធ្វើអោយជីពចរកូនខ្ញុំប្រែប្រួលទៅជាយឺតឬលឿនបាន ជាទូទៅជីពចរត្រូវលោត១២០ដល់១២៨ដងក្នុងមួយនាទី បើសិនជាលើសឬខ្វះពីចំនួននេះ ត្រូវប្រាប់គ្រូពេទ្យជាបន្ទាន់ ដូចនេះញុំត្រូវនៅស្ទង់ជីពចរកូន១ម៉ោងម្តងយ៉ាងតិច។ 

ពេលនៅមន្ទីរពេទ្យមានបងប្រុសម្នាក់ ដែលកូនគាត់គេងនៅបន្ទប់នឹងដែរ គាត់បានប្រាប់ថា កូនគាត់ក៏ធ្លាប់មានជំងឺនេះដែរ ហើយដំបូងក៏ប្រើថ្នាំចឹងដែរ តែពេលដែលប្រើថ្នាំកូនរបស់គាត់ចាប់ផ្តើមដង្ហក់ ដកដង្ហើមហត់គ្រូពេទ្យក៏បញ្ឈប់ការព្យាបាល ដោយប្រើថ្នាំជំនួសដោយការវះកាត់វិញ ទើបកូនគាត់ជាមកដល់សព្វថ្ងៃ តែត្រូវចំណាយពេលព្យាបាលយូរណាស់ទើបជាសះស្បើយ។ សម្រាប់កូនខ្ញុំឥលូវនេះ កំពុងតែប្រើថ្នាំសម្រាប់ព្យាបាល ដូចនេះទើបនាងខ្ញុំចែករំលែកជូនអ្នកទាំងអស់គ្នា បើករណីឃើញមានដុំដូចកូនខ្ញុំចឹង អោយពួកគាត់យកក្មេងទៅពេទ្យកុមារកាន់តែឆាប់កាន់តែល្អ ជៀសវាងមានបញ្ហាកើតឡើងលឺក្មេង ម្តាយណាមិនស្រលាញ់កូនខំបង្កើត មកវិះនឹងបាត់បង់ជីវិតខ្លួនឯងហើយ ??? ៕