ព្រោះតែអ្នកបកប្រែម្នាក់ បានធ្វើឲ្យកម្មករកម្មការនីរោងចក្រកាត់ដេរចំនួន៤០នាក់ដួលសន្លប់ជាបន្តបន្ទាប់ និងបង្កការភ្ញាក់ផ្អើលជាខ្លាំងផងដែរ.....!!!
ស៊ីហៀង
-

រាជធានីភ្នំពេញ ៖ កម្មករកម្មការនីរោងចក្រកាត់ដេរចំនួន៤០នាក់បានដួលសន្លប់ជាបន្តបន្ទាប់ និងត្រូវបានរថយន្តសង្រ្គោះរបស់អង្គភាព៧១១ និងកងពលតូចលេខ៧០ នឹងរថយន្តមណ្ឌលសុខភាព ដឹកយកទៅសង្គ្រោះតាមមន្ទីរពេទ្យនាៗ​ដើម្បីជួយសង្គ្រោះ​ ។

ក្នុង​ហេតការណ៍នេះដែរ បានបង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១០​នឹង​៣០នាទីព្រឹក ថ្ងៃទី​១២​ ខែ​ វិច្ឆិកា​ ឆ្នាំ​ ២០១៨ ​ស្ថិតក្នុងរោងចក្រកាត់ដេរយីហោ​ ហ្គ្រី​ន​ មីដូវ​ ឌីវេឡុបមេន​ នៅភូមិត្រាដោក​ សង្កាត់ពងទឹក​ ខណ្ឌដង្កោ​ ។

លោកវរៈសេនីយ៍ឯក​ ជឹម​ សីុថា​ អធិការនគរបាលខណ្ឌ​ដង្កោដែលដឹកនាំកម្លាំងចុះអន្តរាគមន៍ផ្ទាល់បានថ្លែងប្រាប់ឲ្យដឹងថា​ ក្រោយទទួលបានព័ត៌មាននេះ អាជ្ញាធរ និងសមត្ថកិច្ច ពិសេសរថយន្តសង្រ្គោះរបស់អង្គភាព៧១១ និងកងពលតូចលេខ៧០ រថយន្តមណ្ឌលសុខភាព បានចេញទៅអន្តរាគមន៍ជួយសម្រួលដឹកបញ្ជូនជនរងគ្រោះទៅសង្រ្គោះនៅមន្ទីរពេទ្យភ្លាមៗផងដែរ។​

លោកបន្តថា មូលហេតុដែលផ្តើមឱ្យកម្មករដួលសន្លប់ជាបន្តបន្ទាប់នេះគឺដោយសារ​បុរសជាជនជាតិខ្មែរហើយត្រូវជាអ្នកបកប្រែឲ្យថៅកែរោងចក្របានប្រើសម្តីខ្លាំងៗស្រែកដាក់ទៅក្រុមកម្មករ,កម្មការនី ជាហេតុធ្វើឲ្យកម្មការនីម្នាក់ដួកសន្លប់ភ្លាមៗបង្កឲ្យមានការភ្ញាក់ផ្អើលឆោឡោពេញរោងចក្របណ្តាលកម្មករ,កម្មការនីជាច្រើននាក់ទៀតមានអាការៈទន់ដៃជើងសន្លប់បន្តបន្ទាប់រហូត​ ដល់ទៅ៤០នាក់(ប្រុស២នាក់)​ក្នុង​ចំណោមកម្មករ​សរុប១២២៨នាក់​(ប្រុស១០០នាក់)​ ត្រូវបានក្រុមសង្គ្រោះ៧១១ កងពលតូចលេខ៧០ ជួយដឹក និងសង្គ្រោះតាមរថយន្តសង្រ្គោះចំនួន៥គ្រឿង ជួយសង្គ្រោះបឋមរួចដឹកបញ្ជូនជនរងគ្រោះ ទៅមន្ទីរពេទ្យបង្អែកពោធិ៍ចិនតុងភ្លាមៗ​។

ក្រោយពីជួយសង្គ្រោះកម្មករ,កម្មការនីរោងចក្ររួចរាល់លោកអធិការខណ្ឌបានហៅបុរសជាអ្នកបកប្រែមកធ្វើការណែនាំអប់រំ​ អោយបញ្ឈប់ការប្រាប់ពាក្យសម្តីមិនសមរម្យជាពិសេសការសម្លុតគំរាមទៅកម្មករដែលពួកគាត់ជាមនុស្សទន់ខ្សោយ​តទៅទៀត៕