អភិបាលខណ្ឌដង្កោ រួមជាមួយមន្ត្រីរាជការក្នុងខណ្ឌ បានចូលរួមក្នុងពិធីបើកការដ្ឋានស្ថាបនាផ្លូវបេតុងចំនួន០១ខ្សែ ប្រវែង ៥៤៤ម៉ែត្រក្នុងសង្កាត់ព្រៃស
ស៊ីហៀង
-

ភ្នំពេញ ៖ នៅព្រឹកថ្ងៃចន្ទ ៥កើត ខែកត្តិក ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៨ ឯកឧត្តម នុត ពុធដារ៉ា ជំនួយការសម្តេចតេជោ នាយករដ្ឋមន្ត្រី និងជាអភិបាលខណ្ឌដង្កោ រួមជាមួយមន្ត្រីរាជការខណ្ឌ សង្កាត់ ភូមិ បានចូលរួមក្នុងពិធីបើកការដ្ឋានស្ថាបនាផ្លូវបេតុងចំនួន ០១ខ្សែ ប្រវែង ៥៤៤ម៉ែត្រ ទទឹង ០៥ម៉ែត្រ ក្នុងភូមិ២៤ សង្កាត់ព្រៃស។

លោកអភិបាលខណ្ឌ បានធ្វើការលើកឡើងអំពីការអភិវឌ្ឍរីកចម្រើនរបស់ប្រទេសជាតិក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ជាមួយគ្នាក៏បានធ្វើការផ្តាំផ្ញើរការសាកសួរសុខទុក្ខពីសំណាក់សម្តេចតេជោ នាយករដ្ឋមន្ត្រី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលជានិច្ចកាលសម្តេចទាំងទ្វេរតែងបានគិតគូរអំពីការលំបាករបស់បងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន។ ផ្លូវបេតុងថ្មី ០១ខ្សែនេះ នឹងជួយសម្រួលដល់ការធ្វើដំណើរ ប្រកបរបរចិញ្ចឹមជីវិតរបស់បងប្អូនប្រជាពលរដ្ឋ ព្រមទាំងផ្តល់សោភណ្ឌភាពនៃការរស់នៅផងដែរ។

លោកអភិបាលខណ្ឌ បានធ្វើការថ្លែងអំណរគុណចំពោះបងប្អូនប្រជាពលរដ្ឋក្នុងសង្កាត់ព្រៃស ដែលបានបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជា ឲ្យទទួលបានជ័យជម្នះយ៉ាងភ្លូកទឹកភ្លូកដី ដើម្បីសម្តេចតេជោ ហ៊ុន សែន បន្តធ្វើជានាយករដ្ឋមន្ត្រី ដឹកនាំប្រទេសឆ្ពោះទៅរកវឌ្ឍនភាព ការអភិវឌ្ឍ និងសុខសន្តិភាព។

លោកអភិបាលក៏បានណែនាំ ដល់ក្រុមហ៊ុនសូមយកចិត្តទុកដាក់អនុវត្តគម្រោងរបស់ខ្លួនឲ្យបានត្រឹមត្រូវតាមលក្ខណៈបច្ចេកទេស ហើយត្រូវធ្វើឲ្យបានឆាប់ ដើម្បីជូនប្រជាពលរដ្ឋបានប្រើប្រាស់ ជាមួយគ្នាក៏បានផ្តាំផ្ញើរដល់បងប្អូនប្រជាពលរដ្ឋ សូមចូលរួមសហការចំពោះផលប៉ះពាល់តិចតួច ដែលបណ្តាលមកពីការស្ថាបនាផ្លូវ ដើម្បីឲ្យផ្លូវនេះបានឆាប់រួចរាល់ និងមានគុណភាពល្អ ប្រើប្រាស់បានយូរអង្វែង។

បងប្អូនប្រជាពលរដ្ឋបានធ្វើការថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះអជ្ញាធរគ្រប់លំដាប់ថ្នាក់ ដែលបានយកចិត្តទុកដាក់ និងគិតគូអំពីការលំបាករបស់ពួកគាត់ ហើយផ្លូវទាំង០១ខ្សែនេះ នឹងជួយសម្រួលដល់ការធ្វើដំណើររបស់ពួកគាត់យ៉ាងច្រើន៕