អាណិតណាស់!! ជិះម៉ូតូមកភ្នំពេញទាំងយប់ជ្រៅដើម្បីធ្វើការ តែត្រូវក្រុមចោរដេញធាក់ឲ្យដួល និងវាយប្លន់យកម៉ូតូឌ្រីមសង់ស៊េរី២០១៨បានសម្រេច
-

ភ្នំពេញ៖ ពិតជាគួរឲ្យអាណិតណាស់ ដោយយុវជនម្នាក់ជិះម៉ូតូមួយគ្រឿង មកពីស្រុកនៅខេត្តតាកែវចូលរាជធានីភ្នំពេញ ពេលយប់ស្ងាត់ ត្រូវជនមួយក្រុមមានគ្នា៦នាក់ ជិះម៉ូតូ៣គ្រឿងជិះដេញតាមក្រោ​យ រួចធាក់ឲ្យដួល និងវាយជនរងគ្រោះ ប្លន់យកម៉ូតូឌ្រីមសង់ ស៊េរី២០ ១៨ បានសម្រេច រួចជិះគេចខ្លួនបាត់។


ហេតុការណ៍នេះកើតឡើង នៅវេលាម៉ោង៤ទៀបភ្លឺ ឈានចូលថ្ងៃអង្គារទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៨ស្ថិតនៅចំណុចមុខរោងម៉ាស៊ីនកិនស្រូវ តាមបណ្តោយផ្លូវ២១៧ ក្នុងសង្កាត់ព្រៃកំពិស ខណ្ឌដង្កោ រាជធានីភ្នំពេញ។


ជនរងគ្រោះមានឈ្មោះ ឆាយ ចាងណាង ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិខ្មែរ មុខរបរលាងរថយន្តនៅម្តុំផ្សារបឹងត្របែក ស្នាក់នៅកន្លែងធ្វើ ការ មានស្រុកកំណើត ភូមិកំពង់ជ្រៃ​ ឃុំស្មោង ស្រុងទ្រាំង ខេត្តតាកែវ។


ជនរងគ្រោះបាននិយាយប្រាប់អ្នកសារព័ត៌មានឲ្យដឹងថា មុនកើតហេតុនៅវេលាម៉ោងប្រមាណជា២យប់ រូបលោ​ក ​បានជិះម៉ូតូមួយគ្រឿងម៉ាកហុង ដាឌ្រីមសង់ស៊េរី២០១៨ ពណ៌ខ្មៅ ពាក់ស្លាលេខតាកែវ1Q-1857ជិះចេញពីស្រុកកំណើត បំណងចូលមករាជធានីភ្នំពេញ ដើម្បីមកកន្លែង ធ្វើការម្តុំផ្សារបឹងត្របែក។ ដោយរូបលោកបានធ្វើដំណើរ តាមបណ្តោយផ្លូវជាតិលេខ២ ទិសដៅពីត្បូងទៅជើង លុះមកដល់រង្វង់មូលនាងបីគួស្រូវ ស្រាប់តែលិចមុខជនសង្ស័យ៦នាក់ ជិះម៉ូតូ៣គ្រឿង ២គ្រឿងម៉ាកឌ្រីមសង់ និងមួយគ្រឿងទៀតម៉ាកឌូកមិនចាំស្លាកលេខ បានជិះដេញមកតាមក្រោយ លុះជិះមកដល់ចំណុចកើតហេតុខាងលើជនសង្ស័យ បានគៀរម៉ូតូរូបគាត់ឲ្យដួល រួចធ្វើសកម្មភាពវាយទៅលើជនរងគ្រោះបន្តែមទៀត ហើយប្លន់យកម៉ូតូជិះគេចខ្លួនបាត់ បណ្តាលឲ្យរូបលោករងរបួសក្បាលជង្គង់​ និងកែងដៃផងដែរ។


ក្រោយកើតហេតុ គេឃើញមានក្រុមអ្នកសារព័ត៌ ចុះមកដល់និងផ្តិតយករួបភាព បន្ទាប់មកក៏មានខាងកម្លាំងនគរបាលមូលដ្ឋាន បានចុះ មកដល់បានដឹកជនរងគ្រោះ ទៅបង្ហាញទីតាំងកន្លែងកើតហេតុរួចបានដឹកបន្តទៅប៉ុស្តិ៍នគរបាលរដ្ឋបាល ព្រែកកំពិសដើម្បីឲ្យ ជនរងគ្រោះ ដាក់បណ្តឹង៕


ដោយៈ ភារ៉ា