អស្ចារ្យណាស់ ប្អូនប្រុស!!! សារព័ត៌មានពេលថ្ងៃ ប្រចាំស្ថានីយទូរទស្សន៍ TNN របស់ថៃ បានចុះផ្សាយ និងបានលើកសរសើរមិនដាច់ពីមាត់ កុមារា ថុច សាលិក ថា....(មានវីដេអូ)
-

កុមារា ថុច សាលិក អាយុ១៤ឆ្នាំ ចេះ១៥ភាសា ជាគ្រាប់ពេជ្រមិនទាន់ច្នៃ នៅទឹកដីនៃតំបន់អង្គរ ខេត្តសៀមរាប ប្អូនប្រុសមានទេពកោសល្យល្អណាស់ អាចនិយាយភាសាអន្តរជាតិ បានដល់១៥ភាសា ដោយការទំលាប់រស់នៅទំនាក់ទំនងលក់របស់របរមួយកញ្ច្រែង ឲ្យភ្ញៀវបរទេសរាល់ថ្ងៃ បានធ្វើឲ្យសមត្ថភាពជំនាញរបស់កុមារារូបនេះ កំពុងល្បីល្បាញ និងជាទីចាប់អារម្មណ៍នៅលើបណ្តាញសង្គម ចូលទស្សនារាប់ម៉ឺន រាប់លាននាក់។ សមត្ថភាពដ៏អស្ចារ្យរបស់ក្មេងប្រុសកម្ពុជារូបនេះ ត្រូវបានគេលើកសរសើរកប់ៗមាត់ ពីគ្រប់មជ្ឈដ្ឋានទាំងអស់ក្នុងប្រទេសកម្ពុជានិងមានព័ត៌មានក្នុងស្រុកជាច្រើន បានចុះផ្សាយព្រោងព្រាត។ មិនត្រឹមតែប៉ុននិង គេនៅសង្កេតឃើញមានព័ត៌មានក្រៅស្រុក មួយចំនួន ក៏បានចុះផ្សាយពីរូបប្អូនដែរ។

ជាក់ស្តែងកន្លងមក គឺមានសារព័ត៌មានល្បីមួយរបស់ចិន បានចុះផ្សាយនិងពេលថ្មីៗនេះ មានសារព័ត៌មានប្រទេសថៃ ក៏បានចាប់អារម្មណ៍និងបានចុះផ្សាយពីរូបគេថែមទៀតផង។ ដោយសារសមត្ថភាព និងភាពឈ្លាសវៃរបស់កុមារកម្ពុជា ដែលចេះរហូត១៥ភាសានេះ បានធ្វើឱ្យសារព័ត៌មានពេលថ្ងៃ ប្រចាំស្ថានីយទូរទស្សន៍ TNN របស់ថៃ បានចុះផ្សាយ និងបានលើកសរសើរពីរូបគេយ៉ាងខ្លាំង។ សារព័ត៌មាននោះ បានផ្សាយថា ពិតជាមិនសរសើរមិនបានឡើយ ចំពោះក្មេងប្រុសកម្ពុជារូបនេះ ដែលអាចនិយាយបានជាច្រើនភាសា និងថែមទាំងចេះនិយាយភាសាថៃ បានយ៉ាងល្អ។

គួរបញ្ជាក់ដែរថាៈ ក្មេងប្រុសដែលកំពុងល្បីថាចេះច្រើនភាសានោះ គឺជាក្មេងម្នាក់ ដែលរស់នៅនិងលក់វត្ថុអនុស្សាវរីយ៍ នៅតាមប្រាសាទខ្មែរនា ក្នុងខេត្តសៀមរាប ហើយរូបគេត្រូវបានមហាជនចាប់អារម្មណ៍ខ្លាំង បន្ទាប់ពីភ្ញៀវទេសចបរទេសម្នាក់ បានបង្ហោះវីដេអូ របស់រូបគេចូលក្នុងបណ្តាញសង្គមកាលពីថ្មីៗនេះ ៕ សូមទស្សនាវិដេអូខាងក្រោមៈ