ចម្ងល់មហាជនត្រូវបានលាតត្រដាងហើយ!!! មូលហេតុឪពុកម្ដាយកុមារា សាឡិក ជំពាក់បំណុលគេ ៥ម៉ឺនដុល្លារនោះ មូលហេតុព្រោះ....
-

រឿងរ៉ាវកំពុងតែក្ដៅគគុក នៅលើបណ្ដាញ​សង្គម​ហ្វេសប៊ុក របស់​កុមារាល្បី​អាច​និយាយ ១៥​ភាសា ​ធុច សាឡិក មហាជនជាច្រើនមានការងើយឆ្ងល់ ហេតុ​អ្វី​បាន​ជា​ឪពុក​ម្ដាយ​របស់ ធុច សាឡិក ជំពាក់​បំណុល​​គេច្រើនយ៉ាងនេះ រហូតទៅដល់៥​ម៉ឺន​ដុល្លារ​ មាន​ទាំង​ឯកជន សាច់ញាតិ និង​ធនាគារ​ផង ឬ​ពួក​គាត់​កុហក? ​សំណួរ​ចាក់ដោតមួយនេះ បានធ្វើឲ្យមហាជន​មួយ​ចំនួន​ចង់​ដឹង​ ​ព្រោះ​មើល​ឃើញ​ថា ​ពួក​គាត់​ជា​គ្រួសារ​ក្រីក្រ ​រស់​នៅ​ផ្ទះ​ខ្ទម​តូច មិន​មាន​របស់​បញ្ចាំ​ឲ្យ​ធនាគារ​ផង ​ហេតុ​អ្វី​ធនាគារ​ឲ្យ​ខ្ចី​ប្រាក់រាប់​ម៉ឺន​ៗ​ដុល្លារ​ដូច្នេះ? 

តោះចូលសាច់រឿងយើងវិញ ធុច សាឡិក ​មាន​ឪពុក​ឈ្មោះ ស៊ុន វុទ្ធី អាយុ​៤១​ឆ្នាំ មុខរបរ​ជាងគំនូរ​ជាង១០​ឆ្នាំ និង​ជាង​កាត់​សក់ ថែម​ទាំង​ធ្លាប់​ជា​កីឡាករ​ប្រដាល់​សេរី​ឆ្នាំ១៩៩៦ ​តែ​បោះ​បង់​អាជីព​នោះ​ ក្រោយ​វ៉ៃ​ចាញ់​កីឡាករ ជា តក់ ២ដង​ ដណ្ដើមពាន​រង្វាន់​មួយ​របស់​សម្ដេច។ ឯ​ម្ដាយ​ឈ្មោះ ម៉ាន់ វណ្ណា អាយុ​៣៥​ឆ្នាំ មុខរបរ​ លក់ដូរ​វត្ថុ​អនុស្សាវរីយ៍ ​នៅ​មុខ​ប្រាសាទតាព្រហ្ម​ទាំង​អស់​គ្នា។

គាត់​មានកូន​ចំនួន ៣​នាក់ ប្រុស​ទាំង​៣ គឺ​កូនប្រុស​ច្បង​មានឈ្មោះ ធុច សីហា អាយុ១៦​ឆ្នាំ ​ជា​សិស្ស​ថ្នាក់​ទី​១០ កូន​ទី​២.ឈ្មោះ ធុច សាឡិក អាយុ​១៤​ឆ្នាំ ដែល​ចេះ​ភាសាបរទេស​ ១៥​ភាសា​ ជា​សិស្សថ្នាក់​ទី​៩ និង​កូនពៅ​ឈ្មោះ ធុច ទិត្យា អាយុ​១២​ឆ្នាំ ជា​សិស្ស​ថ្នាក់​ទី៥ ចេះ​១២ភាសា។ ពួក​គាត់​រៀន​នៅ​អនុ​វិទ្យាល័យ​ស្រះស្រង់​ មាន​ទីលំនៅ​បច្ចុប្បន្ន​នៅ​ក្រុម​ទី​៥ ភូមិ​រហាល សង្កាត់​នគរធំ ក្រុង​សៀមរាប​។

ចំពោះ​មូល​ហេតុ​ដែល​ធ្វើ​ឲ្យ​អ្នក​ស្រី​ជំពាក់​បំណុល​ច្រើន​នោះ ​អ្នក​ស្រី​ប្រាប់​ដំណើរ​ដើម​ទង​ថា ពី​មុន​ធ្លាក់​ខ្លួន​សុំ​សំយាប​ផ្ទះ​គេ​រស់​នៅ​ទាំង​សមាជិក​គ្រួសារ​៥​នាក់។ ​បន្ទាប់​មក​មើល​ឃើញ​ការ​លំបាក​ពេក​ស្ទើរ​រាល់​ថ្ងៃ​ ព្រោះ​ជួប​ភ្លៀង​ធ្លាក់​ផង ខ្យល់​បក់​ប៉ើង​របើក​សំយាប​ផង គាត់​ក៏​បាន​សន្សំ​ប្រាក់​ទិញ​ដី​ក្នុង​តម្លៃ​ប្រមាណ ១៧ ៩០០​ដុល្លារ ​ប្រាក់​ខ្លួនឯង​មាន​ជាង ៥​ពាន់​ដុល្លារ ​និង​ខ្ចី​ប្រាក់​បង​ប្អូន ឯកជន និង​ធនាគារ​ផង​ជាង ១ម៉ឺន​ដុល្លារ ​រួច​ធ្វើ​ផ្ទះ​បន្ថែម។ ​អ្នក​ស្រី​ប្រាប់​ថា ​ទាំង​ដើម​ទាំង​ការ​កើន​រាល់​ថ្ងៃ ថែម​ទាំង​ម្ដាយ​ឈឺ​ទៀត ធ្វើ​ឲ្យ​បំណុល​គាត់​កើន​ជា​លំដាប់​ រហូត​ប្រាក់​ជំពាក់​សរុប​ទាំងអស់​ប្រមាណ ​៥ម៉ឺន​ដុល្លារ​បែប​នេះ​តែម្ដង​។

ចំណែក​​លោក វុទ្ធី ជា​ឪពុក​ប្រាប់​ថា ​សមាជិក​គ្រួសារ​ទាំង៥​នាក់ ​ត្រូវ​ចេញ​រក​ប្រាក់​ទាំង​អស់​គ្នា ​មិន​មាន​អ្នកណា​ទំនេរ​ដេក​ផ្ទះ​ទេ។ ​ចំពោះ​របរ​ជាង​គំនូរ​របស់​គាត់ ក្នុង​១​ផ្ទាំង ត្រូវ​គូរ​រយៈពេល​២​ថ្ងៃ ទើបបាន​យក​ទៅ​លក់​ក្នុង​១​ផ្ទាំង បាន​តម្លៃ​ចាប់ពី​ ​ដុល្លារ​ ទៅ​ដល់១៥​ដុល្លារ ​ហើយ​ក្នុង​១​អាទិត្យ ​ទើប​ដាច់​បាន​១អី​ក៏​មាន។ ឯ​អ្នក​ស្រី វណ្ណា ​ត្រូវ​ស្ពាយ​ក្រណាត់​មាន​កន្សែង ​ក្រមា ​និង​វត្ថុ​អនុស្សាវរីយ៍​ច្រើន​ទៀត​ទម្ងន់​ប្រមាណ ២០​គីឡូ ​ដើរឬ​រត់​រក​ភ្ញៀវ​ជួយ​ទិញ​រាល់​ថ្ងៃ។ ឯ​កូន​ៗ​លក់​របស់​ស្រាល​ៗ​មាន​បន្តោង ​ដែក​ឆក់ និងខ្សែដៃ​ជា​ដើម។ 

លោកក៏បានបន្ថែមទៀតថា ​ចំពោះសំណួរ​​លេង​ហ្វេសប៊ុក​ដែលបាន​​ចោទ​សួរ​​​គាត់​ថា ​ពិត ឬ​អត់​ជំពាក់គេ​ ៥ម៉ឺន​ដុល្លារ? គាត់​ប្រាប់​ថា គ្រួសារ​លោក​ជា​អ្នក​ទៀង​ត្រង់ រក​ស៊ី​ដោយ​ភាព​ស្មោះ​ត្រង់ ​ឯ​ការ​ខ្ចី​ប្រាក់​ទាំង​នោះ ​លោក​មាន​លិខិត​ស្នាម ឯក​សារ​ទាំង​អស់ ​មិន​បាន​ភូត​កុហក​មហាជន​ទេ។ បំណុល​ទាំង​នោះ១០០​ដុល្លារ​ មាន​ការ១ដុល្លារ​ ក្នុង​មួយ​ខែ។

ដោយសារ​ជំពាក់​ច្រើន​បែប​នេះ សមាជិក​គ្រួសារ​ទាំង​អស់ ត្រូវ​មាន​ការងារ​រក​លុយ​ព្រម​គ្នា ទើប​អាច​ទប់​ទល់​សង​ឯកជន ​ធនាគារ និង​ជីវភាព​ប្រចាំ​ថ្ងៃ។ អ្នក​ស្រី វណ្ណា បាន​និយាយ​ថា​ក្នុង​មួយ​ខែ ត្រូវ​សង​ត្រលប់​ទៅ​ធនាគារ និង​ឯកជន​ប្រមាណ ៧០០​ដុល្លារ។ ការ​ខ្ចី​ប្រាក់​នោះ គឺ​មាន​រយៈ​ពេល ៥​ឆ្នាំ ដែល​ត្រូវ​រំលស់​ទៅ​វិញ​ទាំង​ការ​ទាំង​ដើម។ ទោះ​លំបាក​បែប​នេះ​ក្ដី អ្នក​ស្រី​មិន​ឱ្យ​កូនៗ បោះ​បង់​ការ​សិក្សា​ឡើយ គ្រាន់​តែ​ជួយ​លក់​ពេល​រសៀល និង​​ល្ងាច​ប៉ុណ្ណោះ ៕