បុកទៀតហើយនៅស្តុបក្តាន់ពីរ!បុរសម្នាក់បើករថយន្តហាយលេនឌ័ប្រលះក្បាលនាគពុះចែកទ្រូងផ្លូវបាក់អស់២កង់បែកពេញផ្លូវរួចក្រឡាប់ផ្ងាជើងម្ខាង
-

ភ្នំពេញ៖ បុរសម្នាក់បើករថយន្តហាយលេនឌ័រមួយគ្រឿង ហើយបោះពួយយ៉ាងលឿនទៅបុកក្បាលនាគពុះចែកទ្រូងផ្លូវបាក់អស់២កង់ ធ្វើឲ្យបែកកំទេចថ្មរាយប៉ាយពេញផ្លូវនិងបណ្ដាលឲ្យរថយន្តក្រឡាប់ផ្ងាជើងម្ខាង ឯម្ចាស់រងរបួសស្រាលគេចខ្លួនបាត់។

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង៣ទៀបភ្លឺថ្ងៃទី២ ខែមករា ឆ្នាំ២០១៩ ស្ថិតនៅចំណុចស្តុបក្តាន់ពីរ តាមបណ្តោយផ្លូវសហពន្ធ័រុស្សីុ ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនកើតហេតុគេឃើញបុរសម្នាក់បើករថយន្តហាយលេនឌ័រមួយគ្រឿង ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ2AQ-5286 បានធ្វើដំណើរតាមបណ្ដោយផ្លូវសហព័ន្ធរុស្សុី ទិសដៅពីកើតទៅលិចក្នុងល្បឿនលឿន លុះមកដល់ចំណុចកើតហេតុខាងលើបានរេចង្កូតមកខាងឆ្វេងដៃជ្រុលទៅបុកក្បាលនាគពុះចែកទ្រូងផ្លូវបាក់អស់២កង់បែកកំទេចថ្មរាយប៉ាយពេញផ្លូវ ឯរថយន្តបានឆ្លងទៅផ្លូវម្ខាងទៀតប្រមាណជា១០ម៉ែត្រក្រឡាប់ផ្ងាជើងម្ខាងចំណែកម្ចាស់រថយន្តបានរងរបួសស្រាលហើយបានគេចខ្លួនចេញពីកន្លែងកើតហេតុបាត់ស្រមោល រីឯរថយន្តខូចខាតយ៉ាងដំណំ។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់បានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចុះមកធ្វើការវាស់វែងយករថយន្តបងហកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញរងចាំដោះស្រាយគ្នាទៅតាមផ្លូវច្បាប់៕

ដោយៈ ភារ៉ា