កំពុងតែដេកលក់ស្រួលផង ចូលទៅលួចទូរស័ព្ទ និងអាយកូមសៀតចង្កេះឲ្យសង្ហាតិច មានអីម្ចាស់ដឹងខ្លួនវិញ ចាប់ឲ្យសមត្ថកិច្ច
-

ភ្នំពេញៈ កាលពីវេលាម៉ោង៩ៈ៣០នាទីព្រឹក ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨ នៅចំណុចក្នុងហាងប្រាយស្តា ក្រុម៥ ផ្លូវ១០១១ ស្ថិតក្នុងភូមិពោងពាយ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ ជនសង្ស័យម្នាក់ មានឈ្មោះ ផុន មិថុនា ភេទប្រុស អាយុ២១ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅបន្ទប់ជួល ផ្លូវបេតុង ភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ (គ្មានសារធាតុញៀន)។ ត្រូវកម្លាំងនគរបាលខណ្ឌសែនសុខ ចាប់ឃាត់ខ្លួន ក្រោយពីលួចទូរសព្ទដៃចំនួន២គ្រឿង ម៉ាក អាយហ្វូន១គ្រឿង និងម៉ាកខេមហ្វូន១គ្រឿង និងអាយកូមចំនួន១គ្រឿងម៉ាក Megaband។ 

របស់ជនរងគ្រោះ មានឈ្មោះស៊ិន ពៅ ភេទប្រុស អាយុ៣៤ឆ្នាំ និង២.ឈ្មោះ ស៊ាប យ៉ា ភេទប្រុស អាយុ២៣ឆ្នាំ។ ទាំង២នាក់ ជាសន្តិសុខយាមហាងប្រាយស្តា ស្នាក់នៅក្នុងហាងប្រាយស្តា ផ្លូវ១០១១ ភូមិពោងពាយ សង្កាត់ភ្នំពេញ ខណ្ឌសែនសុខ។

មុនពេលកើតហេតុ ជនរងគ្រោះទាំង២ បានដេកនៅ (ចំណុចកើតហេតុខាងលើ) លុះដល់ម៉ោងកើតហេតុខាងលើ ជនរងគ្រោះក្រោកពីដេកមិនឃើញទូរស័ព្ទរបស់ខ្លួន ក៏មានឆោឡោឡើង រួចជនរងគ្រោះឈ្មោះ ស៊ាប យ៉ា ថាពេលខ្លួនដេក បានឃើញមនុស្សប្រុសម្នាក់ ស្លៀកខោប៉ារ៉ាដើរចូល រួចខ្លួនក៏ដេកទៅវិញ។ លុះដល់ម៉ោង៣ៈ០០នាទីរសៀលថ្ងៃដដែល ពួកខ្លួនបានឃើញជនសង្ស័យខាងលើ ដើរកាត់មុខហាងប្រាយស្តា ដោយមានសៀតអាយកូម ដែលខ្លួនបាត់ ក៏នាំគ្នាឃាត់ខ្លួនជនសង្ស័យប្រគល់ឲ្យសមត្ថិកិច្ចប៉ុស្តិ៍ភ្នំពេញថ្មី ធ្វើការសាកសួរ រួចជនរងគ្រោះបានដាក់ពាក្យបណ្តឹងចោទប្រកាន់ជនសង្ស័យតែម្តង។

បច្ចុប្បន្ន ជនសង្ស័យ កំពុងឃាត់ខ្លួនបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីអនុវត្តតាមនីតិវិធីច្បាប់៕