ញាក់សាច់... សំរាប់ឆ្នាំ២០១៨នេះ គ្រឿងញៀនដែលបង្ក្រាបបាន មានរហូតទៅដល់៥៣៣​គីឡូក្រាម និងឃាត់ខ្លួន១៦.១៣៩​នាក់
-

ក្នុងឆ្នាំ ២០១៨ សមត្ថកិច្ច​បាន​ធ្វើការ​ឃាត់​ខ្លួន​មនុស្ស ១៦.១៣៩ នាក់ និង បង្ក្រាប​បាន​ ៧.៩៧៩ ​ករណី​ដែល​ពាក់ព័ន្ធ​នឹង​អ្នក​ជួញដូរ និង​អ្នក​ប្រើប្រាស់​គ្រឿងញៀន បើ​គិត​ជា​មធ្យម​គឺ​មនុស្ស​យ៉ាង​ហោច​ណាស់​ប្រមាណជា ៤៤ នាក់​ត្រូវ​បាន​ឃាត់​ខ្លួន​ក្នុង ១ ​ថ្ងៃ​ ។

បើយោងតាមរបាយការណ៍របស់អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន​បាន​ឲ្យ​ដឹង​ថា ​លទ្ធផល​អនុវត្ត​ច្បាប់​រយៈពេល ១២ ​ខែ​ (​គិត​ពី​ថ្ងៃទី​ ១ ខែ​មករា ដល់​ថ្ងៃ ទី​ ២៩ ខែ​ធ្នូ ឆ្នាំ​ ២០១៨ មាន​ចំនួន​សរុប ៧.៩៧៩ ករណី​ដោយ​ឃាត់​មនុស្សបាន ១៦.១៣៩ ​នាក់​ស្រី ១.៣៣៩ នាក់​ ជនបរទេស ៣១០ នាក់ ​ស្រី ៤៨ ​នាក់​ មាន ២៤ ​សញ្ជាតិ​ ។ ពាក់ព័ន្ធ​នឹង​ការជួញដូរ រក្សាទុក កែច្នៃ ចាត់ចែង និង​ដាំដុះ​មាន​ចំនួន​សរុប ៥.០៣៣ ករណី​ឃាត់​ខ្លួន ៩.០៤៩ ​នាក់​ស្រី ៩១៣នាក់ ​ហើយ​ទាក់ទង​នឹង​អ្នក​ដែល​ប្រើប្រាស់​មាន​​ចំនួន​ ៤.៩៤៦ ​ករណី ឃាត់​ខ្លួន ៧.០៩៩ នាក់ ស្រី​ ៤.២៦០ ​នាក់​» ​។

របាយការណ៍​ដដែលបានបន្ថែមទៀត​ថា​ សមត្ថកិច្ច​បាន​ធ្វើការ​អនុវត្ដ​ដីកា​ ដោយ​បាន​ឃាត់ខ្លួន ២៣៩ ​នាក់​ស្រី ៩ ​នាក់ ហើយ​បាន​រឹបអូស​សារធាតុ​ញៀន​គ្រប់​ប្រភេទបានចំនួន ៥៣៣ ​គីឡូក្រាម និង ២៨៨ កញ្ចប់ កញ្ឆា​ក្រៀម ៧៤ ​គីឡូក្រាម និង ១៦៤.៩២៥ ដើម​និង សម្ភារ​ដែល​ចាប់​យក​មាន រថយន្ដ ៩៤ គ្រឿង ម៉ូតូ ២.២៣០ ​គ្រឿង ទូរស័ព្ទ ៥.៩២៤ គ្រឿង ជញ្ជីង ៣៧៦ គ្រឿង អាវុធខ្លី ២៦ ​ដើម អាវុធ​វែង ១៣ ដើម ចលនទ្រព្យ និង​ អចលនទ្រព្យ​ស្នើសុំ​បង្កក​ចំនួន ៥ កន្លែង​មាន​ដីចម្ការ ១ ​កន្លែង ដីឡូត៍ ២ ​កន្លែង និង ​ផ្ទះល្វែង ២ ​កន្លែង​ ។

នាយឧត្តមសេនីយ៍ មាស វីរិទ្ធ អគ្គលេខាធិការ​នៃ​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន​បាន​ឱ្យដឹងថា ចំនួន​ករណី​បង្ក្រាប​អ្នក​ជួញដូរ និង​អ្នកប្រើប្រាស់​គ្រឿងញៀន​មាន​ការ​ថយចុះ ដោយសារ​តែ​ការចូលរួម​ពី​គ្រប់​សមាសភាព​នៅ​ក្នុង​សង្គម ទាំង​ការធ្វើ​សកម្មភាព​ និង​ការគាំទ្រ​ពី​ប្រជាពលរដ្ឋ​ទាំង​ការ​ផ្តល់​ព័ត៌មាន និង​ ការសហការ​ជាមួយ​សមត្ថកិច្ច និង ​រាជរដ្ឋាភិបាល​បាន​ដាក់​ចេញ​នូវ​យុទ្ធនាការ​ប្រយុទ្ធ​ប្រឆាំង​គ្រឿង ញៀន​ធ្វើឱ្យ​អ្នក​ប្រើប្រាស់​គ្រឿងញៀន​ ដែល​បាន​លាក់​ខ្លួន​បាន​ស្ម័គ្រ​ចិត្ត​មក​ទទួល​សេវា​ព្យាបាល​នៅ​តាម​មន្ទីរពេទ្យ​ ៕