កម្មករ កម្មការិនី ប្រមាណ​ជា១០០នាក់ មកពី​រោងចក្រ​កាត់ដេរ​ប្រេ​ស្ទិ​ច បាននាំគ្នា​ដង្ហែ​ក្បួន​ឆ្ពោះ​មកកាន់​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ដើម្បី​ទាមទារ​លក្ខខណ្ឌ​ការងារ​មួយចំនួន
-

ភ្នំពេញៈ កាលពីព្រឹកថ្ងៃទី០៣ ខែមករា ឆ្នាំ២០១៩ ស្ថិត​ក្នុងស្រុក​កណ្តាលស្ទឹង ខេត្តកណ្តាល កម្មករ កម្មការិនី ប្រមាណ​ជា១០០នាក់ មកពី​រោងចក្រ​កាត់ដេរ​ប្រេ​ស្ទិ​ច បាននាំគ្នា​ដង្ហែ​ក្បួន​ឆ្ពោះ​មកកាន់​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ដើម្បី​ទាមទារ​លក្ខខណ្ឌ​ការងារ​មួយចំនួន រួមទាំង​ទទួលយក​ប្រធាន​សហជីព​ប្រចាំ​រោងចក្រ​ឲ្យត្រឡប់ចូលធ្វើការ​វិញ។

កម្មករ​បានទាមទារ​នោះ​រួមមានៈ

១/ សូម​ឲ្យ​ក្រុមហ៊ុន​ទទួលយក​ឈ្មោះ ហួន សុ​វិត ប្រធាន​សហជីព​ចលនា​កម្មករ​ប្រចាំ​រោងចក្រ ប្រេ​ស្ទិ​ច ហ្គា​មេន ចូលធ្វើការ​វិញ។

២/ សូម​ឲ្យ​ក្រុមហ៊ុន​ធ្វើ​កាត​បេឡា​ជាតិ​របប​សន្តិសុខ​សង្គម ជូន​កម្មករ​កម្ម​កា​នី។

៣/ ក្រុមហ៊ុន​មិនត្រូវ​កាត់លុយ​កម្មករ នៅពេល​កម្មករ​ដាក់​ច្បាប់​កន្លះ​ថ្ងៃ ហើយ​ក្រុមហ៊ុន​មិនត្រូវ​កាត់លុយ​បាយ​កន្លះ​ខែ​នោះទេ។

៤/ នៅពេល​កម្មករ​ឈឺ មាន​សំបុត្រ​ពេទ្យ​ត្រឹមត្រូវ ក្រុមហ៊ុន​ត្រូវ​រក្សា​ប្រាក់​ឈ្នួល​ជូន​ពួកគាត់។

៥/ នៅពេល​កម្មករ កម្ម​កា​នី ដាក់​ច្បាប់​មាន​ធុ​រ:ចាំបាច់​ក្រុមហ៊ុន​អនុញ្ញាតិ និង​រក្សា​ប្រាក់​ឈ្នួល និង​អត្ត​ប្រយោជន៍​ផ្សេង​ជូន​ពួកគាត់។

៦/ ក្រុមហ៊ុន​មិនត្រូវ​បង្ខិតបង្ខំ​កម្មករ​អោយ​លើសពី​សមត្ថភាព​ក​ម្មករ​នោះឡើយ។

៧/ ក្រុមហ៊ុន​ត្រូវ​បើក​លុយ​បាយ​ជូន​កម្មករ​ក្នុង​មួយ​សប្តាហ៍​ម្តង។

៨/ សូម​ឲ្យ​ក្រុមហ៊ុន​ប្តូរ​កិច្ចសន្យា​ពី ២ខែ មក៦ខែ វិញ​ម្តង។

៩/ ក្រុមហ៊ុន​មិនត្រូវ​បង្ខំ​ឲ្យ​កម្មករ​ធ្វើការ​មុន​ម៉ោង​ជាដាច់ខាត។

១០/ សូមកុំ​ឲ្យ​កុំ​ក្រុមហ៊ុន​រើសអើង​សហជីព​ចលនា​កម្មករ​គ្រប់​រូបភាព។

១១/ សូម​ឲ្យ​ក្រុមហ៊ុន​ដក​ប្រធាន​ផ្នែក​រដ្ឋបាល​ចេញ​ជាបន្ទាន់។

១២/ សូម​ឲ្យ​ក្រុមហ៊ុន​ណែនាំ​ប្រធាន​ចិន និង​ប្រធាន​ផ្នែក​ខ្មែរ​ឲ្យ​ប្រើប្រាស់​សំដី​សមរម្យ​មកលើ​កម្មករ​និ​យោ​ជិ​ក។

១៣/ សូម​ឲ្យ​ក្រុមហ៊ុន​រៀបចំ​ឲ្យ​មាន​បន្ទប់​ពេទ្យ និង​ថ្នាំពេទ្យ​ឲ្យ​បាន​គ្រប់គ្រាន់។

១៤/ សូម​ឲ្យ​ក្រុមហ៊ុន​រៀបចំ​តុ​សំរាប់​កម្មករ​និ​យោ​ជិ​ក​ហូបបាយ​អោយបាន​គ្រប់គ្រាន់។

លោក ប៉ាវ ស៊ីណា បាន​អះអាងថា សំណើ​នេះ ត្រូវបាន​កម្មករ​ធ្វើ​ការតវ៉ា​ទាមទារ​អស់​ជាច្រើន​ថ្ងៃ​មកហើយ ប៉ុន្តែ​មិនទាន់មាន​ដំណោះស្រាយ​នោះទេ ទើប​ក្រុមកម្មករ​សម្រេច​ដង្ហែ​ក្បួន​មកកាន់​ក្រសួង​ការងារ។ បើតាម​លោក ប៉ាវ ស៊ីណា ក្រុមកម្មករ ក៏​គ្រោង​ហែ​ក្បួន​តវ៉ា​ទៅផ្ទះ​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា​នៅ​ជិត​វិមាន​ឯករាជ​ផងដែរ ៕