ករណីបោះបង្គោលក្នុងទឹកសមុទ្រ មន្ដ្រីជំនាញកំពុងធ្វើស្រាវជ្រាវ រកឯកសារមួយថ្ងៃ ឬពីរថ្ងៃនោះទៀត
ស៊ីហៀង
-

កំពត៖ បើយោងតាមប្រព័ន្ធផ្សព្វផ្សាយព័ត៏មានក្នុងស្រុកមួយបាន ប្រាប់ឲ្យដឹងថា ករណីបោះបង្គលនៅក្នុងទឹកសមុទ្រ ដែលផ្ទុះការរិះគន់ ពេញបណ្តាញសង្គមហ្វេសប៊ុកនោះ ពេលនេះមន្រ្តីជំនាញ បានចុះទៅត្រួតពិនិត្យហើយ ។ 


លោកអភិបាលខេត្តកំពត លោក ជាវ តាយ មន្ដ្រីជំនាញមួយក្រុមរបស់ខេត្តក្រោមការដឹកនាំពីសំណាក់លោក នៃ គង់ អភិបាលរងខេត្ត បានចុះទៅដល់ទីតាំងនៃការបោះបង្គោលក្នុងទឹកសមុទ្រស្ថិតនៅតំបន់ភ្នំដូង ភូមិបឹងតាព្រាម សង្កាត់ត្រើយកោះ ក្រុងកំពត ខេត្តកំពត កាលពីថ្ងៃទី២១ ខែឧសភា ឆ្នាំ២០១៩ ថា "មន្ដ្រីរបស់យើងកំពុងស្រាវជ្រាវរកឯកសារមួយថ្ងៃ ឬពីរថ្ងៃនោះទៀត តែពេលចុះទៅដល់ទីនោះ ប្រជាពលរដ្ឋបានប្រាប់ថា ការបោះបង្គោលនេះធ្វើឡើងយូរណាស់មកហើយ"។


លោក អភិបាលខេត្តកំពតបានប្រាប់ឲ្យដឹងទៀតថា បើសិនរកឃើញ និងស្រាវជ្រាវទៅពិតជាខុសច្បាប់មែននោះ នឹងឲ្យដកបង្គោលនោះចេញជាបន្ទាន់ ពីព្រោះគ្មានបុគ្គលណាមានសិទ្ធិទៅបោះបង្គោលវាទទីនៅក្នុងទឹកសមុទ្រនោះឡើយ។ លោកក៏បានប្រាប់ទៀតថា ការបោះបង្គោលនេះមិនមែនទើបតែកើតឡើងថ្មីៗនោះទេ ពោលតាំងពីជំនាន់អភិបាលខេត្តកំពត លោក ខូយ ឃុនហួរ មកម្ល៉េះ ហើយការបោះបង្គោលនេះអាចជាដីឯកជនមានប្លង់ ប៉ុន្ដែដោយសារតែទឹកជោរ (ទឹកឡើងខ្លាំង) មើលឃើញរូបភាពយ៉ាងដូច្នេះ។


ពាក់ព័ន្ធនឹងករណីនេះ ប្រជាពលរដ្ឋកំពុងរង់ចាំការពន្យល់ជាផ្លូវការពីអាជ្ញាធរជៀសវាងមានការភ័ន្ដច្រឡំ ឬយល់ខុសដោយប្រការណាមួយ៕